បណ្ឌិត កៅ មុយថង ៖ ពិភពលោកកំពុងតាមដានមហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ក្នុងបរិបទនៃភាពប្រែប្រួលភូមិសាស្ត្រនយោបាយ

ចែករំលែក៖

ភ្នំពេញ : បណ្ឌិត កៅ មុយថង ជឿជាក់ថា ពិភពលោកកំពុងតាមដាន មហាសន្និបាត នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន ក្នុងបរិបទ នៃភាពប្រែប្រួលភូមិសាស្ត្រនយោបាយ អសន្តិសុខ និងសង្គ្រាម ទូទាំងពិភពលោក កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ កាន់តែខ្លាំង ធ្វើឱ្យពិភពលោកទាំងមូល សម្លឹងមកមើលមហាសន្និ បាត នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) នីតិកាលទី១៤ ក្នុងឆ្នាំនេះ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ ជាហាសន្និបាត ដែលត្រូវរៀបចំឡើង នៅក្នុងខែមីនានេះ។

ថ្លែងបានប្រាប់ឲ្យដឹង កាលពីថ្ងៃទី៣ ខែមីនា, អ្នកវិភាគសង្គម លោកបណ្ឌិត កៅ មុយថង ថា ក្នុងនាមជាតួអង្គសំខាន់ក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល លទ្ធផល ដែលរំពឹងទុកចេញពីមហាសន្និបាតនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំង លើតុល្យភាពអំណាចសកល។ ក្នុងនោះ ចំណុចគន្លឹះដែលពិភពលោកកំពុងតាមដាន គឺ ៖

១. ក្នុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងការបែកបាក់ យុទ្ធសាស្ត្រពង្រឹងខ្លួនឯង របស់ប្រទេសចិន គឺស្តែងឡើងតាមរយៈការកំណត់គោលដៅសេដ្ឋកិច្ច និងការជំរុញ “កម្លាំងផលិតកម្ម ថ្មី” គឺជាចំណុចស្នូលដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។ តាមរយៈមហាសន្និបាត នេះ ការកំណត់តួលេខកំណើន GDP មិនត្រឹមតែជាការបង្ហាញពីទិសដៅសេដ្ឋកិច្ចរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសូចនាករសំខាន់ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចសកលទាំងមូលផងដែរ។ ទន្ទឹមនេះ ចិនបាន ដាក់ចេញនូវការអភិវឌ្ឍបច្ចេកវិទ្យាកម្រិតខ្ពស់ ដោយផ្តោតសំខាន់លើAI ឧស្សាហកម្មបន្ទះឈីប (Semiconductors) និងថាមពលបៃតង ដើម្បីពង្រឹងឯករាជ្យភាពផ្នែកបច្ចេកវិទ្យា និងកាត់បន្ថយការ ពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យាពីបស្ចិមលោក។

២. គោលនយោបាយការបរទេស និងសន្តិសុខសកល ក៏ជាចំណុចស្នូលដែលពិភពលោកកំពុង តាមដានយ៉ាងយកចិត្តទុកដាក់។ ក្រោមសម្ពាធនៃដំណើរការឯកតោភាគីនិយមពីសំណាក់មហា អំណាចខ្លះ ចិនទំនងជានឹងបង្ហាញជំហរកាន់តែរឹងមាំតាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍ “ពហុ ភាគីនិយម” ដោយពង្រឹងតួនាទីរបស់ខ្លួនឱ្យកាន់តែសកម្មក្នុងក្របខណ្ឌក្រុមប្រទេស BRICS និង អង្គការសហប្រតិបត្តិការស៊ាងហៃ (SCO) ដើម្បីបង្កើនសមត្ថភាពទប់ទល់ពីខាងក្រៅ។ ទន្ទឹមនឹងនេះ តាមរយៈ “គំនិតផ្តួចផ្តើមសន្តិសុខសកល” (GSI) ចិននឹងបន្តបង្ហាញខ្លួនជាតួអង្គ “អ្នកសម្របសម្រួល សន្តិភាព” ដ៏សំខាន់ក្នុងជម្លោះតំបន់នានា ដូចជាជម្លោះនៅមជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើតជាដើម ដែល នេះគឺជាយុទ្ធសាស្ត្រពង្រីកឥទ្ធិពលការទូត និងការកសាងសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយដែលមាន តុល្យភាពជាងមុន។

៣. ទន្ទឹមនឹងការប្រែប្រួលនៃសន្តិសុខសកល ការការពង្រឹងសមត្ថភាពយោធា និងវិស័យការពារ ជាតិរបស់ចិន បានក្លាយជា “ចំណុចក្ដៅ” ដែលពិភពលោកកំពុងតាមដានយ៉ាងដិតដល់បំផុត។ ស្រប ពេលដែលជម្លោះប្រដាប់អាវុធនៅតាមតំបន់នានាកំពុងកើនឡើង ការបង្ហាញតួលេខនៃកញ្ចប់ថវិកា យោធា មិនត្រឹមតែជាការបង្ហាញពីការធ្វើទំនើបកម្មកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាណនៃពង្រឹង ការត្រៀមលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពដ៏រសើបនៅក្នុងតំបន់ ធ្វើបែបណា រក្សាបានតុល្យភាពអំណាចនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល។

៤. ទន្ទឹមនឹងរបៀបវារៈសេដ្ឋកិច្ច និងយោធា នោះការធ្វើទំនើបកម្មរចនាសម្ព័ន្ធដឹកនាំ និង អភិបាលកិច្ច ក៏ជាចំណុចគន្លឹះដែលមិនអាចរំលងបានក្នុងមហាសន្និបាតនេះ។ ការប្រកាសពីការផ្លាស់ ប្តូរសមាសភាពមន្រ្តីជាន់ខ្ពស់ និងការជំរុញកំណែទម្រង់ស្ថាប័នរដ្ឋ គឺជាយុទ្ធសាស្ត្រពង្រឹងផ្ទៃក្នុង ដើម្បី បង្កើនប្រសិទ្ធភាព និងភាពរហ័សរហួននៃយន្តការដឹកនាំ។ កិច្ចខិតខំប្រឹងប្រែងនេះ មានគោលដៅ ចម្បងក្នុងការកសាងខឿនអភិបាលកិច្ចជាតិឱ្យកាន់តែរឹងមាំ ដើម្បីទប់ទល់នឹងសម្ពាធ និងបញ្ហាប្រឈម នានាដែលកើតចេញពីបរិបទភូមិសាស្ត្រនយោបាយសកលដ៏ស្មុគស្មាញ។

ជារួម លោកបណ្ឌិត កៅ មុយថង យល់ឃើញថា តាមរយៈមហាសន្និបាត ឆ្នាំ២០២៦នេះ ចិនអាចនឹងបង្ហាញកាន់តែច្បាស់ នូវអាទិភាព ដ៏ចម្បងរបស់ខ្លួន គឺការរក្សាឱ្យបាននូវ “ស្ថិរភាពសេដ្ឋកិច្ចផ្ទៃក្នុង” ស្របពេលដែលចិន កំពុងពង្រឹង “សមត្ថភាពប្រកួតប្រជែង ជាយុទ្ធសាស្ត្ររយៈពេលវែង” នៅលើឆាកអន្តរជាតិ។ យុទ្ធសាស្ត្រនេះ មិនត្រឹមតែជាការឆ្លើយតបទៅនឹងសម្ពាធពីខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែ គឺជាការរៀបចំគ្រឹះដ៏រឹងមាំ ដើម្បីធានាបាននូវឧត្តមភាពផ្នែកបច្ចេកវិទ្យា, ឥទ្ធិពលភូមិសាស្ត្រនយោបាយ និង ភាពធន់នៃសេដ្ឋកិច្ច ក្នុង ពិភពលោកមួយ ដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និង ស្មុគស្មាញបំផុត៕

...

ប្រភព : (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print