តារាចម្រៀងប៉ុបល្បីល្បាញ Britney Spears ត្រូវបានប៉ូលិសចាប់ខ្លួននៅយប់ថ្ងៃពុធ ដោយសង្ស័យថាបើកបររថយន្តក្រោមឥទ្ធិពលស្រា (DUI)។
ព័ត៌មានចុះបញ្ជីការចាប់ខ្លួនបង្ហាញថា តារាចម្រៀងរូបនេះត្រូវបានប៉ូលិសបញ្ឈប់រថយន្តប្រហែលម៉ោង 9:30 យប់ ហើយត្រូវបាននាំទៅចុះបញ្ជីការចាប់ខ្លួននៅប្រហែលម៉ោង 3 ព្រឹកថ្ងៃព្រហស្បតិ៍ មុនពេលត្រូវបានដោះលែង។
មន្ត្រីព័ត៌មានសាធារណៈរបស់ CHP លោក Ryan Ayers បានបញ្ជាក់ថា Spears ត្រូវបានចាប់ខ្លួនក្រោមការសង្ស័យបើកបរក្នុងស្ថានភាពស្រវឹង។
តាមសេចក្តីប្រកាសរបស់ប៉ូលិស រថយន្ត BMW ពណ៌ខ្មៅមួយត្រូវបានរាយការណ៍ថា “បើកបរខុសប្រក្រតី និងលឿនខ្លាំង” ប្រហែលម៉ោង 8:48 យប់។
រថយន្តនេះកំពុងធ្វើដំណើរទិសខាងត្បូងលើផ្លូវ U.S. Route 101 ហើយត្រូវបានប៉ូលិសបញ្ឈប់នៅជិតច្រកចេញ Westlake Boulevard ក្នុងតំបន់ Ventura County។
ប៉ូលិសបាននិយាយថា Spears ជាមនុស្សតែម្នាក់នៅក្នុងរថយន្ត ហើយបង្ហាញអាការថាអាចស្រវឹង។ នាងបានធ្វើតេស្តសមត្ថភាពបើកបរ (field sobriety tests) មុនពេលត្រូវបានចាប់ខ្លួន។
ករណីនេះនៅតែស្ថិតក្រោមការស៊ើបអង្កេត ហើយលទ្ធផលតេស្តគីមីនៅមិនទាន់ចេញនៅឡើយ។ រថយន្តរបស់នាងត្រូវបានអូសយកទៅរក្សាទុក។
តំណាងរបស់ Spears បាននិយាយថា៖“នេះជាហេតុការណ៍អកុសល និងមិនអាចទទួលយកបាន។ Britney នឹងគោរពច្បាប់ និងចាត់វិធានការត្រឹមត្រូវ ដើម្បីធ្វើឱ្យជីវិតនាងប្រសើរឡើងវិញ។”
តំណាងបានបន្ថែមថា គ្រួសារនិងមនុស្សជិតស្និទ្ធរបស់នាងកំពុងរៀបចំផែនការដើម្បីជួយគាំទ្រនាងក្នុងអំឡុងពេលលំបាកនេះ។
កាលពីឆ្នាំ 2007 តារាចំរៀង Spears ត្រូវបានចោទប្រកាន់ពីបទបុកហើយរត់ ប៉ុន្តែករណីត្រូវបានលុបចោលក្រោយនាងបង់ថ្លៃសំណង។
Spears ត្រូវបានកំណត់ឲ្យចូលតុលាការវិញនៅថ្ងៃទី 4 ខែឧសភា ខាងមុខ៕










