ភ្នំពេញ : កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរបានចុះត្រួតពិនិត្យរដ្ឋបាលក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយរកឃើញជនបរទេសប្រមូលផ្តុំជាង៩០នាក់ ដែលខ្លះមានលិខិតឆ្លងដែន និងខ្លះទៀតមិនមាននោះឡើយ។
ការរកឃើញនេះ ស្ថិតនៅចំណុចអគារស្នាក់នៅ គ្មានឈ្មោះ កម្ពស់៨ជាន់ មាន៦៤បន្ទប់ ផ្ទះលេខ១៤ ផ្លូវលេខ១៧៨ ភូមិ៩ សង្កាត់បឹង រាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
អាជ្ញាធរបានរកឃើញជនបរទេសស្នាក់នៅជាលក្ខណៈប្រមូលផ្ដុំសរុប៩៣នាក់ ស្រី៤នាក់ មាន២សញ្ជាតិ រួមមាន៖ សញ្ជាតិ ប៉ាគីស្ថាន មាន៩២នាក់ (ស្រី៤នាក់), សញ្ជាតិ ឥណ្ឌា មាន១នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ ៦២នាក់ ស្រី២នាក់, លិខិតឆ្លងដែន (ផុតទិដ្ឋាការ) ២៦នាក់ ស្រី១នាក់ និងគ្មានលិខិតឆ្លងដែន៥នាក់ (ស្រី១នាក់)។
តាមចម្លើយសារភាពរបស់ជនបរទេសទាំងនេះ បានបញ្ជាក់ថា ពួកគេទើបចេញពីខេត្តព្រះសីហនុបាន៣ថ្ងៃ។
ប្រតិបត្តិការដឹកនាំដោយលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្តេជ្ញាបោសសំអាតបទល្មើស Scams Online ឲ្យអស់ពីមូលដ្ឋាននៅត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ ៕
ដោយ : សិលា










