ខេត្តកំពង់ស្ពឺ ÷ នៅល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៧និង០០នាទី ចំណុចស្រះទឹកក្រោយផ្ទះឈ្មោះឆេន សុផាត ប្រហែល៥០ម៉ែត្រ ដែលមានទំហំ ២០x៣០ម៉ែត្រ ស្ថិតភូមិព្រៃទទឹង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច មានករណីលង់ទឹកបណ្ដាលឲ្យស្លាប់ក្មេងប្រុស ២នាក់៖
១/ឈ្មោះសង់ គីមសៀង ភេទប្រុស អាយុ៤ ឆ្នាំ និង២/ឈ្មោះផាត សុភា ភេទប្រុស អាយុ០៤ឆ្មាំ សពខាងលើជាបងប្អូនជីដូនមួយ រស់នៅភូមិឃុំកើតហេតុខាងលើ ។
តាមការបំភ្លឺពីម្ដាយបង្កើតក្មេងរងគ្រោះឈ្មោះសង់ គីមសៀងបានរៀបរាប់ថា នៅថ្ងៃកើតហេតុវេលាម៉ោង ១៦: ៣០ នាទី គាត់បាននាំកូនទៅលេងផ្ទះប្អូនបង្កើត ឈ្មោះ ឆេន សុផាត ភេទប្រុស អាយុ ២៥ ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា រួចក៏បានដើរទៅកាត់ស្មៅ ខាងជើងស្រះទឹកប្រហែល៤០ម៉ែត្រ។ ពេលកំពុងកាត់ស្មៅក៏មានឈ្មោះ សួស រ៉ា ភេទស្រី ជាអ្នករស់នៅភូមិជាមួយគ្នា បានស្រែកថាមានក្មេងលង់ទឹកស្រះស្លាប់ ខ្លួនក៏បានដើរមកមើលក៏ឃើញកូនរបស់ខ្លួននិងក្មួយប្រុសបានលង់ទឹកស្រះស្លាប់ទៅហើយ។
ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍ គ្រូពេទ្យ មេភូមិ និងក្រុមគ្រួសារ សពក្មេងទាំងពីរនាក់ខាងលើគឺស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន។ អាជ្ញាធរនិងសមត្ថកិច្ចក៏បានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕










