“ស្រ្តី គឺជាស្នូល” បានដើរតួនាទីយ៉ាងសំខាន់និងបានលើកកម្ពស់ក្នុងជួររាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានគូសរំលេចអំពីសារៈសំខាន់នៃការទទួលបាននិងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ ក្នុងនោះ “ស្រ្តី គឺជាស្នូល” ស្របទៅតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា “នៅក្នុងផ្ទះ បើមិនមានភរិយាខ្លាំង មិនមានម្ដាយល្អ នោះស្វាមី និងឪពុកក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ធ្វើរឿងជោគជ័យនៅខាងក្រៅដែរ ”។​ ខណៈសង្គមបច្ចុប្បន្ន ស្រ្តីបានដើរតួនាទីយ៉ាងសំខាន់និងបានលើកកម្ពស់ក្នុងជួររាជរដ្ឋាភិបាល ដែលមានស្រ្តីជាថ្នាក់ដឹកនាំតាមបណ្ដាស្ថាប័នផងដែរ។

ជាក់ស្ដែងរដ្ឋបាលខណ្ឌដូនពេញ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីសំណេះសំណាល អបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ« សន្តិភាព និង សន្តិសុខសម្រាប់ស្រី្ត និង គ្រួសារ» អធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចូលរួមពិធីជួបជុំសំណេះសំណាលជាមួយក្រុមការងារយេនឌ័រ ព្រមទាំងមន្រ្តីជានារី នៃរដ្ឋបាលខណ្ឌ ដើម្បីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នៅសាលាប្រជុំរបស់សាលាខណ្ឌដូនពេញ។

នាឱកាសនោះ​ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានលើកឡើង ទិវាសកលមួយនេះគឺជានិម្មិតរូបនៃការតស៊ូទាមទារសិទ្ធិសេរីភាពរបស់ស្ត្រីប្រឆាំងនឹងការរើសអើងផ្លូវភេទព្រមទាំងអសមភាពទាំងអស់រវាងបុរសនិងស្ត្រី។​ ហើយវាក៏ជាថ្ងៃរំលឹកនិងលើកកម្ពស់គុណតម្លៃរបស់ស្ត្រីនិងនារីទូទាំងពិភពលោកផងដែរ។

លោកអភិបាលបានបន្តលើកឡើងទៀតថា សូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ធនធានស្រ្តី សមត្ថភាពស្ត្រី និង ភាពវៃឆ្លាតស្រ្តី ក្នុងការបំពេញការងារសព្វថ្ងៃ ក្រៅពីការងារមន្រ្តី គឺការងារគ្រប់គ្រងការងារផ្ទះ មើលថែគ្រួសារ កូនៗ ដែលជាយាយ ម្ដាយ បងប្អូនស្រី បន្ថែមទៀត ដូច្នេះស្រ្តីមានមុខនាទីសំខាន់ណាស់ សម្រាប់ក្នុងគ្រួសារ និងសង្គមជាតិ ដែលបានខិតខំប្រឹងប្រែង ដោះស្រាយ បញ្ហាប្រឈម ផ្សេងៗ ។

ជាចុងក្រោយក៏ បានផ្តាំផ្ញើរដល់មន្រ្តីនារីៗ ទោះក្នុងតំលៃណាក៏ដោយត្រូវថែរក្សាឱ្យបាននូវសន្តិភាព ត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង ទាំងចំណេះដឹង និងជំនាញ ក្នុងការបំពេញភារកិច្ចដោយស្មារតី ទទួលខុសត្រូវខ្ពស់ ហើយត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ដើមី្ប លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបានគង់វង្ស ។ ក្នុងពិធីសំណេះសំណាលនេះដែរ លោកក៏បានផ្តល់ជូននូវបាច់ផ្កាអនុស្សាវរីយ៍ ដល់តំណាងនារីនៃរដ្ឋបាលខណ្ឌ និងសង្កាត់ បានឧបត្ថម្ភលើកទឹកចិត្ត ដល់មន្រ្តីនារីៗ ផងដែរ។

...

សូមបញ្ជាក់ថា​ នៅតាមបណ្តាមន្ទីរនិងស្ថាប័ន្ថពិសេសរាជរដ្ឋាភិបាលតែងបានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មិនានេះជារៀងរាល់ឆ្នាំដើម្បីបង្ហាញពីការឱ្យតម្លៃក្តីស្រលាញ់និងការផ្តល់សិទ្ធិយ៉ាងពេញលេញគ្រប់គ្រាន់ដល់បណ្តានារីគ្រប់ៗរូបស្មើរៗគ្នាដោយមិនមានការរើសអើងនោះឡើយ៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print