ខេត្តស្វាយរៀង: លោក ប៉ាត់ សាក់ ប្រធានស្តីទីនៃមន្ទីររ៉ែ និងថាមពលខេត្តស្វាយរៀង នាថ្ងៃទី៧ខែមីនាឆ្នាំ២០២៦នេះបាន ដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យ និងណែនាំម្ចាស់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ បើកដំណើរការស្ថានីយ និងលក់ស្របតាមសេចក្តីណែនាំរបស់ក្រសួងពាណិជ្ជកម្ម។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានអំពាវនាវដល់ក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ ម្ចាស់ស្ថានីយលក់ប្រេង និងសាធារណជន ឱ្យអនុវត្តតាមស្តង់ដាបច្ចេកទេសក្នុងការលក់ និងស្តុកប្រេងឥន្ធនៈ ដើម្បីគ្រប់គ្រងហានិភ័យ និងធានាសុវត្ថិភាពអ្នកប្រើប្រាស់ ព្រមទាំងរក្សានិរន្តរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមស្ថានីយ។
ក្នុងសេចក្តីជូនដំណឹង ក្រសួងបានបញ្ជាក់ថា ការស្តុកប្រេងឥន្ធនៈដោយមិនគោរពតាមលក្ខណៈស្តង់ដាបច្ចេកទេស អាចបង្កហានិភ័យដល់សុវត្ថិភាព និងសន្តិសុខរបស់អ្នកប្រើប្រាស់។ ដូច្នេះ ម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈត្រូវអនុវត្តការលក់ និងការស្តុកទុកឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដា និងក្រមប្រតិបត្តិដែលបានអនុវត្តជាទូទៅ។
ជាមួយគ្នានេះ ក្រសួងក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃ និងចៀសវាងការសម្រុកទិញប្រេងស្តុកទុកលើសពីតម្រូវការចាំបាច់ ព្រោះអាចបង្កហានិភ័យឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងសុវត្ថិភាពសហគមន៍។
ក្រសួងបានឱ្យដឹងថា មន្ត្រីជំនាញពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង រួមជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីររ៉ែ និងថាមពល តាមរាជធានី-ខេត្ត កំពុងបន្តចុះត្រួតពិនិត្យការលក់ប្រេងឥន្ធនៈជាប្រចាំ ដើម្បីធានាឱ្យស្ថានីយអនុវត្តតាមស្តង់ដាបច្ចេកទេស និងទប់ស្កាត់ការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតី។
ក្រសួងពាណិជ្ជកម្មបានអំពាវនាវឱ្យសាធារណជន ក្រុមហ៊ុនចែកចាយ និងម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់ អនុវត្តការងារនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាសុវត្ថិភាព និងស្ថិរភាពនៃទីផ្សារប្រេងឥន្ធនៈ។










