ខេត្តកណ្តាល ៖ ក្មេងប្រុសស្រីចំនួន៣នាក់នាំគ្នាចុះហែលទឹកស្រះលេង ស្រាប់តែក្មេងស្រីម្នាក់លង់លិចបាត់ខ្លួន ចំណែកក្មេងប្រុស២នាក់ទៀត ពលរដ្ឋឃើញជួយសង្គ្រោះបាន បង្កឱ្យភ្ញាក់ផ្ញើលកាលពីវេលាម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅស្រះទឹកមួយកន្លែង ក្នុងភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ក្មេងស្រីបាត់ខ្លួន មានឈ្មោះ អុី នាង អាយុ១៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ក្មេង៣នាក់ ប្រុស២នាក់ ស្រី១នាក់ បាននាំគ្នាចុះហែលទឹក ចំណុចខាងលើ ស្រាប់តែក្មេងស្រីលង់លិចបាត់ខ្លួនក្នុងទឹក ទោះជាក្មេងប្រុស២នាក់ទៀតជួយចាប់តែមិនបាន ផ្អើលពលរដ្ឋ ឃើញរត់ចុះទៅជួយចាប់ក្មេងប្រុសបាន២នាក់ ចំណែកក្មេងស្រី លិចបាត់ខ្លួន ។
ហេតុការណ៍ខាងលើបង្កឱ្យភ្ញាក់ផ្អើល ក្រុមគ្រួសារ អ្នក ភូមិ សមត្ថកិច្ច ចុះរាវរកតែមិនឃើញ ហើយបានស្នើសុំកម្លាំងទ័ពពិសេសឆ័ត្រយោង៩១១ ឱ្យជួយអន្តរាគមន៍មុជរាវរក ខណៈដែលទឹកស្រះជារណ្តៅដីចាស់ មានជម្រៅជ្រៅ។
រហូតដល់រសៀលថ្ងៃទី០៧ ខែមីនាឆ្នាំ ២០២៦ នេះទើបកម្លាំងសមត្ថកិច្ច ដែលចុះជួយស្វែងរកក្មេងស្រីនោះឃើញដែលនាងបាត់បង់ជីវិតទៅហើយ។ អ្នកភូមិនិងកម្លាំងសមត្ថកិច្ចបានប្រគល់សពក្មេងស្រីរងគ្រោះជូនក្រុមគ្រួសារដើម្បីបាត់ចែងធ្វើបុណ្យតាមប្រពៃណី៕













