រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បាននិយាយកាលពីថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ) ថា សហរដ្ឋអាមេរិក «មិនមានក្ដីបារម្ភ» នោះឡើយ អំពីរបាយការណ៍ ដែលថា រុស្ស៊ីកំពុងផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ីរ៉ង់ ពាក់ព័ន្ធនឹងទីតាំង និងការចល័តកងទ័ពអាមេរិក។
ខណៈពេលដែលបដិសេធមិនបញ្ជាក់ពីរបាយការណ៍ទាំងនេះ ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី «60 Minutes» របស់ប្រព័ន្ធផ្សព្វផ្សាយ CBS លោក Hegseth បាននិយាយថា «យើងកំពុងតាមដានអ្វីៗគ្រប់យ៉ាង»។
លោកបានបញ្ជាក់ថា «មេបញ្ជាការរបស់យើងដឹងអំពីអ្វីៗគ្រប់យ៉ាង។ យើងមានព័ត៌មានស៊ើបការណ៍សម្ងាត់ល្អបំផុត នៅលើពិភពលោក។ យើងដឹងថា អ្នកណាកំពុងនិយាយជាមួយអ្នកណា។ យើងមិនព្រួយបារម្ភអំពីរឿងនោះទេ។ យើងបន្ថយហានិភ័យតាមដែលយើងត្រូវការ»។
កាលពីព្រឹកថ្ងៃសុក្រនោះដែរ សេតវិមានក៏បាននិយាយសម្រាលផងដែរ សម្រាប់របាយការណ៍ ដែលថា រុស្ស៊ីកំពុងផ្តល់ព័ត៌មាន អំពីកងកម្លាំងអាមេរិកដល់អ៊ីរ៉ង់ នៅតំបន់មជ្ឈិមបូព៌ា។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មាន៖ «វាគឺច្បាស់ណាស់ថា វាមិនធ្វើឲ្យមានភាពខុសគ្នា ទាក់ទងនឹងប្រតិបត្តិការយោធានៅអ៊ីរ៉ង់ទេ ព្រោះយើងកំពុងបំផ្លាញពួកគេទាំងស្រុង។ យើងកំពុងសម្រេចបាននូវគោលបំណងយោធានៃប្រតិបត្តិការនេះ ហើយថា វានឹងបន្តទៅមុខ»។
គួរបញ្ជាក់ថា ដោយដកស្រង់សម្តីមន្ត្រីដែលដឹងពីព័ត៌មានចារកម្ម សារព័ត៌មាន Washington Post បានរាយការណ៍ថា រុស្ស៊ីបានផ្តល់ទីតាំងនៃធនធានយោធាអាមេរិកដល់អ៊ីរ៉ង់ ក្នុងនោះរួមមានទាំងនាវា និងយន្តហោះផងដែរ៕ដោយ៖តារា










