ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកLEXUS RX300 មួយគ្រឿងក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ចំណែករថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក LEXUS RX300 មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-9068 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៥ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួនមួយកង់ចំណែករថយន្តបង្ករងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស ហើយភ្លាមនោះដែរអ្នកបើករថយន្តបង្កបានបើកទ្វារគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










