ភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្ដ ម៉ាកGAC មួយគ្រឿងក្នុងល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្នធ្វើឱ្យរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ខណៈនោះរថយន្ត Ford Ranger មួយគ្រឿងទៀតដែលបេីកស្របគ្នាមកបុកចំពីក្រោយបន្ថែមយ៉ាងពេញទំហឹងបណ្តាលឱ្យរងការខូចខាតធ្ងន់ធ្ងរទាំងសងខាង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកេីតឡេីងកាលពីវេលាម៉ោង១០:១៥នាទីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក GAC ពណ៌ខ្មៅមួយគ្រឿងពាក់ ផ្លាកលេខ កម្ពុជា 3456.NCC បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យបាក់ចំនួនមួយកង់ ហើយស្របពេលគ្នានោះមានរថយន្តម៉ាក Ford Ranger ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2AP-6544 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាយ៉ាងលឿនជាន់ ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្ដ GAC ពីក្រោយបន្ថែមទៀតបណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរទាំងសងខាង តែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមៗនោះដែរម្ចាស់រថយន្តទាំងសងខាងក៏បានបើកទ្វារចុះគេចចេញពីកន្លែងកើតហេតុបាត់តែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










