រដ្ឋបាលខេត្តកែប ចេញសេចក្តីណែនាំស្ដីពីការគ្រប់គ្រងការលក់ដូរប្រេងឥន្ធនៈ និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងសុវត្ថិភាព

ចែករំលែក៖

ខេត្តកែប : រដ្ឋបាលខេត្តកែប ចេញសេចក្តីណែនាំស្ដីពីការគ្រប់គ្រងការលក់ដូរប្រេងឥន្ធនៈ និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកែប ក៏ដូចជាជៀសវាងការឆ្លៀតឱកាសកេងចំណេញតម្លៃលើទីផ្សារ រដ្ឋបាលខេត្តកែប សូមធ្វើការណែនាំសំខាន់ៗមួយចំនួនដូចខាងក្រោម៖

-សម្រាប់បងប្អូនប្រជាពលរដ្ឋ៖ សូមកុំមានការព្រួយបារម្ភចំពោះស្ថានភាពប្រេងឥន្ធនៈ ហើយសូមបញ្ឈប់ការទិញប្រេងច្រកធុងយកទៅស្តុកទុកនៅតាមផ្ទះដោយគ្មានការចាំបាច់។ ការធ្វើបែបនេះអាចបង្កជាគ្រោះថ្នាក់អគ្គិភ័យខ្ពស់បំផុត ដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិត។

 

-សម្រាប់ម្ចាស់ស្ថានីយ និងដេប៉ូលក់ប្រេង៖ ត្រូវលក់ប្រេងតាមតម្លៃទីផ្សារដែលក្រសួងពាណិជ្ជកម្មបានកំណត់ និងធានាឱ្យបាននូវគុណភាពស្របតាមស្តង់ដារ។ ហាមដាច់ខាតការតម្លើងថ្លៃខុសប្រក្រតី ឬឆ្លៀតឱកាសក្នុងស្ថានភាពដែលប្រជាពលរដ្ឋមានការព្រួយបារម្ភ។

 

-ការចុះត្រួតពិនិត្យ៖ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន នឹងបន្តចុះតាមដាន និងពិនិត្យនៅតាមស្ថានីយប្រេងឥន្ធនៈជាប្រចាំ ដើម្បីធានាថាការលក់ដូរមានភាពត្រឹមត្រូវ និងមានតម្លាភាពជូនប្រជាពលរដ្ឋ។

រដ្ឋបាលខេត្តកែប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាព និងផលប្រយោជន៍រួមក្នុងខេត្តរបស់យើង ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print