ខេត្តកណ្តាល ÷ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម( នៅជាប់ក្រោមតួរថយន្ត) ក្រោយជិះម៉ូតូវ៉ាជែងរថយន្ត១គ្រឿងនៅខាងមុខមិនផុតក៏ជ្រុលទៅបុករថយន្ត១គ្រឿងផ្សេងទៀត ដែលបើកបរបញ្ច្រាសទិសគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៤និង៤៥នាទី ថ្ងៃទី០៨ ខែមីនាឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវឹល ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៏ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងប្រាប់ឱ្យដឹងថា មុនពេលកើតហេតុបន្តិចមានម៉ូតូ១គ្រឿង ម៉ាក SUZUKI Let’s ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1HJ-0323 អ្នកបើកបរឈ្មោះ អៀង វណ្ណៈ ភេទប្រុស អាយុ ៣៣ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) មុខរបរកម្មកររោងចក្រ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (មិនពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីត្បូងទៅជើង(កោះធំ-តាខ្មៅ) ។ ពេលបើកមកដល់ចំណុចទីតាំងកើតហេតុក៏បានបើកវ៉ាជែងរថយន្ដ១គ្រឿងនៅខាងមុខ តែវ៉ាមិនផុតក៏ជ្រុលទៅបុករថយន្ដ១គ្រឿងផ្សេងទៀត ម៉ាកTOYOTA PRIUS
ពណ៌ប្រផេះ ពាក់ស្លាកលខភ្នំពេញ2CB-2413 បើកបរដោយឈ្មោះ ព្រំ សុភាន់ ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរបុក្គលិកក្រុមហ៊ុន មានទីលំនៅភូមិទួលរកា២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នាពីជើងទៅត្បូង(តាខ្មៅ- កោះធំ) ដែលបណ្ដាលឲ្យអ្នកបើកបរម៉ូតូ SUZUKI Let’s ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ វាស់វែងនិងបានយកមធ្យោបាយធ្វើដំណើរទាំងម៉ូតូនិងរថយន្តដែលរងការខូចខាតធ្ងន់ទាំងពីរគ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំ រឿងទៅតាមនីតិវិធីនិងបានស្រាវជ្រាវរកក្រុមក្រុមគ្រួសាររបស់ជនរងគ្រោះមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕










