ភ្នំពេញ៖ នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ លោក ថេង សុថុល អភិបាលនៃ ខណ្ឌ៧មករា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបន្តតាមដាន និងពង្រឹងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសអនឡាញ (Online Scam) ចាប់ពីថ្នាក់មូលដ្ឋាន ភូមិ សង្កាត់ រហូតដល់ថ្នាក់ខណ្ឌ។ កិច្ចប្រជុំនេះមានគោលបំណងធានាឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តគោលនយោបាយ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពសង្គម។
កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកអធិការ និងអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ព្រមទាំងលោក-លោកស្រីនាយប៉ុស្តិ៍នគរបាល និងលោក-លោកស្រីចៅសង្កាត់ទាំង៨ ក្នុងខណ្ឌ៧មករា ដែលបានពិភាក្សាផ្លាស់ប្តូរយោបល់ និងដាក់ចេញនូវវិធានការជាក់ស្តែង ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសអនឡាញនៅក្នុងមូលដ្ឋាន។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើងក្នុងការសំណេះសំណាលថា ការសហការរវាងអាជ្ញាធរមូលដ្ឋាន កម្លាំងសន្តិសុខ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ពិតជាមានសារៈសំខាន់ ដើម្បីធ្វើការតាមដាន និងស្វែងរកព័ត៌មានអំពីសកម្មភាពគួរសង្ស័យ ដែលអាចនាំឱ្យកើតមានបទល្មើសអនឡាញ។ លោកបានណែនាំឱ្យអាជ្ញាធរភូមិ សង្កាត់ និងកម្លាំងនគរបាល ត្រូវបន្តពង្រឹងការត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ ក៏ដូចជាការចុះពិនិត្យអគារជួល ឬកន្លែងដែលមានការស្នាក់នៅជាច្រើនរបស់ជនបរទេស ឬក្រុមមនុស្សដែលអាចពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។
លោកអភិបាលបានបញ្ជាក់ថា ក្នុងមូលដ្ឋានខណ្ឌ៧មករា មានទីតាំង អាគារ ខុនដូរ អាផានមិន សណ្ឋាគារ ចំនួន៨៧ ទីតាំង រហូតដល់ថ្ងៃនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានចុះត្រួតពិនិត្យ ហើយរួចរាល់ និងមិនមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ឡើយ។ ប៉ុន្តែទោះជាយ៉ាងណា កម្លាំងគណៈបញ្ជាខណ្ឌបន្តចុះត្រួតពិនិត្យឡើងវិញបន្តទៀត មិនអនុញ្ញាតឲ្យមានបទល្មើសឡើញ គឺត្រូវរក្សាមូលដ្ឋានខណ្ឌ៧មករា ជាតំបន់ ស ឲ្យបានដាច់ខាត់។
ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឱ្យមន្ត្រីពាក់ព័ន្ធបន្តពង្រឹងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីហានិភ័យ និងល្បិចកលនៃបទល្មើសអនឡាញ ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ មិនធ្លាក់ក្នុងអន្ទាក់ឆបោកតាមបណ្តាញសង្គម ឬប្រព័ន្ធទំនាក់ទំនងឌីជីថលផ្សេងៗ។
ក្នុងឪកាសនោះផងដែរ លោក លោកស្រីចៅសង្កាត់ បានឡើងប្តេជ្ញាចិត្ត និងអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ក៏ដូចជា ក្រោមការចង្អុរបង្ហាញពីលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករាផងដែរ៕ ដោយ រ៉ារ៉ា












