ភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ ដើរតាមផ្លូវមិនរួច សុំរឺម៉កគេជិះដើម្បីទៅផ្ទះ ខណៈកំពុងធ្វើដំណើរលើរ៉ឺម៉ក ត្រូវរថយន្តធំមួយគ្រឿងបើកបុកពីក្រោយ ក្រឡាប់ធ្លាក់ពីលើ រុឺម៉ក ដួលបែកក្បាល រងរបួសធ្ងន់ក្នុងថ្លុកឈាម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង ២០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុ ស្ត្រីមានផ្ទៃពោះ ជិតគ្រប់ខែម្នាក់ បានអង្គុយនៅតាមផ្លូវ រួចសុំរុឺម៉ក អ្នកស្គាល់គ្នាជិះជាមួយដើម្បីទៅផ្ទះ ខណៈកំពុងធ្វើដំណើរនៅលើរុឺម៉ក តាមបណ្តោយផ្លូវបុរីអង្គរ ក្នុងទិសដៅពីត្បូងទៅជើង សុខៗ ស្រាប់តែមានរថយន្តធន់ធំមួយគ្រឿងមិនចាំម៉ាក ពាក់ស្លាកលេខ ភ្នំពេញ3A-7433 ធ្វើដំណើរក្នុងល្បឿនលឿនពីក្រោយរុឺម៉ក រួចជ្រុលមកបុកគូថរុឺម៉កពេញទំហឹង បណ្តាលឲ្យរុឺម៉កក្រឡាប់ផ្ងាជើងម្ខាង ធ្លាក់ស្ត្រីពោះធំ បណ្តាលឲ្យរងរបួសធ្ងន់ក្នុងថ្លុកឈាម រីឯអ្នកបើករុឺម៉ករងរបួសមុខនិង ក្បាល ចំណែករថយន្តបានបន្តល្បឿនរត់គេចខ្លួនពីកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចទាក់ទងក្រុមគ្រូពេទ្យមកទទួលស្ត្រីមានផ្ទៃពោះ និង អ្នកបើករុឺម៉ក ទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ។ ចំណែលរុឺម៉ក ត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកជាបណ្តោះអាសន្ន និង តាមស្វែងរករថយន្តបង្កឲ្យចូលខ្លួនដោះស្រាយតាមនីតិវីធីច្បាប់៕ 
ដោយ៖ រ៉ារ៉ា










