អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់ Daily Mail បានចុះនិយាយាថា ទីក្រុងតេហេរ៉ង់ នៅថ្ងៃអង្គារទី១០ ខែមីនា ឆ្នាំ២០២៦នេះ ត្រូវរងការវាយប្រហារដោយមីស៊ីលស្រោចដូចទឹកភ្លៀង បង្កជាការផ្ទុះដ៏មហិមា ខណៈភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍អំពីតួលេខមនុស្សស្លាប់និងរបួសនៅឡើយទេ។ ហើយនេះគឺជាការវាយប្រហារអាកាសទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានចាប់តាំងពីផ្ទុះសង្គ្រាមថ្ងៃ២៨ខែកុម្ភៈ។
ការវាយប្រហារនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា សង្គ្រាមអ៊ីរ៉ង់ នឹងចប់ឆាប់ៗនេះហើយ ប៉ុន្តែមិនមែនចប់ក្នុងសប្តាហ៍នេះទេ។
តាមសម្តីលោកត្រាំ, អាមេរិកកំពុងដាក់ពង្រាយកងទ័ពក្នុងកម្រិតតូចមួយ ព្រោះចាំបាច់ត្រូវតែធ្វើវា ដើម្បីកម្ចាត់មនុស្សមួយចំនួន។ អ្នកនឹងឃើញថា នេះនឹងគ្រាន់តែជាប្រតិបត្តិការរយៈពេលខ្លីប៉ុណ្ណោះដើម្បីកម្ចាត់អំពើអាក្រក់ចេញពីតំបន់។ ឆាប់ៗសង្គ្រាមនឹងចប់ជាស្ថាពរ មិនយូរទៀតទេ។
លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានអះអាងថា សមត្ថភាពយោធារបស់អ៊ីរ៉ង់ត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំ ដោយបាត់បង់ទាំងកងទ័ពជើងទឹក ប្រព័ន្ធទំនាក់ទំនង និងកម្លាំងទ័ពអាកាស។ ប្រតិបត្តិការនេះ ដំណើរការ «លឿនជាងការគ្រោងទុក» ដែលដំបូងឡើយលោកស្មានថាត្រូវចំណាយពេល ១ ខែ ប៉ុន្តែឥឡូវនេះអ្វីៗហាក់ដូចជាជិតរួចរាល់ហើយ ទោះបីជាយុទ្ធនាការទើបតែចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែកុម្ភៈក៏ដោយ។
ទន្ទឹមនោះដែរ លោកត្រាំ បានប្រើប្រាស់សម្តីធ្ងន់ៗ និងមានលក្ខណៈគំរាមកំហែងខ្លាំងទៅលើអ៊ីរ៉ង់ ដោយបញ្ជាក់ថា អាមេរិកត្រៀមខ្លួនវាយប្រហារប្រទេសនេះខ្លាំងជាងមុនដល់ទៅ ២០ ដងឯណោះ បើទីក្រុងតេហេរ៉ង់ មិនព្រមបើកច្រក Hormuz ឲ្យមានលំហូរប្រេង។
បង្ហោះសារនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទ មេដឹកនាំអាមេរិកសរសេរថា៖ «ប្រសិនបើអ៊ីរ៉ង់ធ្វើសកម្មភាពណាមួយដែលរារាំងដល់លំហូរប្រេងនៅច្រក Hormuz នោះពួកគេនឹងត្រូវទទួលការវាយបកដោយសហរដ្ឋអាមេរិក ខ្លាំងជាងអ្វីដែលពួកគេធ្លាប់រងគ្រោះកន្លងមកដល់ទៅ ២០ ដង។ លើសពីនេះ យើងនឹងកម្ទេចគោលដៅនានា ដែលនឹងធ្វើឲ្យអ៊ីរ៉ង់សឹងតែមិនអាចកសាងប្រទេសឡើងវិញបានជាដាច់ខាត ក្នុងនាមជាប្រជាជាតិមួយ — សេចក្តីស្លាប់ ភ្លើងសង្គ្រាម និងកំហឹងដ៏ខ្លាំងក្លានឹងគ្របដណ្តប់លើពួកគេ ប៉ុន្តែខ្ញុំនៅតែសង្ឃឹម និងបួងសួងសូមកុំឲ្យរឿងនេះកើតឡើងឲ្យសោះ!»៕ដោយ៖តារា
រូបភាព៖ ប្រធានាធិបតី អាម៉េរិក ដូណាល់ ត្រាំ និងមីស៊ីល (រូប៖ Reuters)











