ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ សូមជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃមិនត្រឹមតែពុំបានអនុវត្តតាមសេចក្តីប្រកាស់រួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ប៉ុណ្ណោះ ប៉ុន្តែថែមទាំងបានកំពុងធ្វើសកម្មភាពផ្ទុយពីការ ព្រមព្រៀងដែលមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាអតីតប្រធានអាស៊ាន ទៀតផង។ ទោះបីជាភាគីទាំងពីរ ពុំបានផ្ទុះអាវុធដាក់ គ្នាក៏ដោយ ប៉ុន្តែ ក្រសួងមហាផ្ទៃ បានបន្តកត់ត្រាទុក រាល់សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ ព្រមទាំងបន្តយកចិត្ត ទុកដាក់ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលយ៉ាងយកចិត្តទុកដាក់បំផុត។
ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជូនបច្ចុប្បន្នភាពសភាពការណ៍ គិតពីម៉ោង ៦ព្រឹក ថ្ងៃទី៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដូចខាងក្រោម៖
១-ស្ថានភាពពលរដ្ឋភៀសសឹក៖ មានពលរដ្ឋភៀសសឹក២៧២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន៣ពាន់នាក់ ឬ ៩៣% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៤៥.៥៥៩នាក់ទៀត (ស្ត្រី២៣.៨៨១នាក់ និងកុមារ ១៥.០៨៣នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។
២-ការបន្តផ្អាកសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តឧត្តរមានជ័យ មានសាលារៀន៨ និងមន្ទីរពេទ្យ/មណ្ឌល សុខភាព៥ នៅបន្តផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តផ្អាក។ ខេត្តព្រះវិហារ មានសាលារៀន២៩ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ នៅបន្តផ្អាក។
៣-ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យ សម្បត្តិសាធារណៈ និងឯកជន ពុំទាន់មានរបាយការណ៍ថ្មីបន្ថែមលើករណីដែលក្រសួងបានកត់ត្រាទុកនៅឡើយទេ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គាំទ្រពេញទំហឹងលើការតវ៉ាយ៉ាងដាច់អហង្ការរបស់រាជរដ្ឋាភិបាល ចំពោះសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃ និងការអញ្ជើញតំណាងប្រទេសជាមិត្ត និងតំណាងអង្គការ អន្តរជាតិជាបន្តបន្ទាប់ ចុះទស្សនកិច្ចដោយផ្ទាល់នៅតាមទីតាំងដែលភាគីថៃរំលោភចូលដែនអធិបតេយ្យកម្ពុជាក្រោយ បទឈប់បាញ់ចូលជាធរមាន ទីតាំងស៊ីវិលដែលត្រូវបំផ្លិចបំផ្លាញ និងជាពិសេសជីវភាពពលរដ្ឋភៀសសឹកដែលកំពុង ស្នាក់នៅតាមជំរំនានា ដោយសារផ្ទះសំបែងត្រូវបានភាគីថៃឈ្លានពានកាន់កាប់ និងវាយកម្ទេច។
ក្នុងន័យនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បន្តអំពាវនាវជនរួមជាតិ និងមជ្ឈដ្ឋានអន្តរជាតិ ចូលរួម គាំទ្រ និងផ្តល់សារសំខាន់ខ្ពស់ ចំពោះគោលជំហរដោះស្រាយជម្លោះព្រំដែន ដូច សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ច្បាស់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា ហើយកម្ពុជាអំពាវនាវ ឱ្យមានការអនុវត្តយ៉ាងពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ ការ ដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញានានាជាធរមាន ដើម្បីបញ្ចប់ភាពស្រពិចស្រពិលនៃ ខ្សែបន្ទាត់ព្រំដែន ដោយប្រជាជនស៊ីវិលអាចវិលត្រឡប់ទៅផ្ទះសំបែង សេនៅដោយសុវត្ថិភាព គ្មានការគំរាមកំហែង ឬប្រើប្រាស់កម្លាំងដោយខុសច្បាប់ ៕

ដោយ៖តារា










