ក្រុមការងារអន្តរមន្ទីរ ដោយមានសមាសភាព មន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង មន្ទីររ៉ែ និងថាមពលខេត្ត មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ខេត្ត និងសាខា ក.ប.ប.ខេត្ត បានចុះផ្សព្វផ្សាយ ដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈក្នុងខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង : មន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង  បានសហការជាមួយ មន្ទីររ៉ែ និងថាមពលខេត្ត មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ខេត្ត និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងអាជ្ញាធរក្រុង ស្រុក នៅ ថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០២៦នេះ បានចុះផ្សព្វផ្សាយ ដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈក្នុងខេត្តស្ទឹងត្រែង ឱ្យអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង លេខ០០៣/២៦ សណន ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ស្តីពីការអនុវត្តវិធានការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់ និងសេចក្តីណែនាំរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការពង្រឹងអនុលោមភាពក្នុងការទិញ-លក់ប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូ។   ក្រុមការងារអន្តរមន្ទីរ បានណែនាំ និងផ្សព្វផ្សាយខ្លឹមសារ នៃសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងតារាងតម្លៃលក់ ដោយបញ្ជាក់ចំណុចសំខាន់ រួមមាន៖

-ត្រូវលក់តាមតម្លៃដែលស្ថានីយ និងដេប៉ូ បានដាក់តាំងបង្ហាញជាសាធារណៈ ដោយយោងសេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយជាគោល ត្រូវធានាសុក្រឹតភាពនៃគុណភាព និងបរិមាណប្រេងឥន្ធនៈ ដែលត្រូវលក់ជូនអតិថិជន

-ត្រូវធានាតម្លាភាពជូនអតិថិជនចំពោះសន្និធិប្រេងឥន្ធនៈដែលមាន ជាពិសេសត្រូវជូនដំណឹងជាមុនយ៉ាងតិច ១ថ្ងៃ មកកាន់មន្ទីររ៉ែ និងថាមពល ឬមន្ទីរពាណិជ្ជកម្ម ឬសាខា ក.ប.ប និង/ឬអាជ្ញាធរក្រុង ស្រុក ក្នុងករណីប្រេងឥន្ធនៈអស់ពីសន្និធិ (ស្តុក) ឬមានបំណងផ្អាកលក់ប្រេងឥន្ធនៈជាបណ្តោះអាសន្ន ក្នុងករណីអស់សន្និធិ ត្រូវជូនដំណឹងជាសាធារណៈនូវថ្ងៃដែលមានសន្និធិប្រេងឥន្ធនៈវិញ។

-ត្រូវធានាតម្លាភាព និងគណនេយ្យភាពនៃសន្និធិប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ ដោយជូនដំណឹងមកកាន់មន្ទីររ៉ែ និងថាមពល ឬមន្ទីរពាណិជ្ជកម្ម ឬសាខា ក.ប.ប និង/ឬអាជ្ញាធរក្រុង ស្រុក អំពីស្ថានភាពសន្និធិ ជាក់ស្តែង ១០% មុនពេលអស់សន្និធិ។

ចំពោះស្ថានីយ និងដេប៉ូដែលមានបំណងផ្អាកដំណើរការជាបណ្តោះអាសន្ន៖

-ត្រូវអនុវត្តតាមនីតិវិធីនៃការផ្អាកជាបណ្តោះអាសន្ន របស់ស្ថាប័នមានសមត្ថកិច្ច ទើបអាចផ្អាកការលក់ចែក ចាយរបស់ខ្លួនបាន។

ចំពោះស្ថានីយ និងដេប៉ូ ដែលបានទទួលការវាយតម្លៃថាអាចដំណើរការឡើងវិញបាននោះ ត្រូវសហការ ជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីបំពេញនីតិវិធីបើកដំណើរការ។ ក្នុងករណីដែលរកឃើញថាបានប្រព្រឹត្តខុសនឹងសេចក្តីណែនាំនេះ ស្ថាប័នមានសមត្ថកិច្ចនឹងបន្តអនុវត្តនីតិវិធី នៃច្បាប់ជាធរមាន ៕

ប្រភព : (មន្ទីរព័ត៌មាន ខេត្តស្ទឹងត្រែង)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print