អ៊ីរ៉ង់៖នាវាដឹកទំនិញចំនួន៣គ្រឿង ក្នុងនោះមាននាវាប្រទេសថៃមួយគ្រឿង នៅថ្ងៃទី ១១ មីនានេះ ត្រូវបានរងការវាយប្រហារពីប្រទេសអ៊ីរ៉ង់នាំឱ្យឆេះនៅច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនទំនិញយ៉ាងសំខាន់ទៅកាន់ពិភពលោកជាពិសេសប្រេង។ការវាយប្រហារនេះ បានបង្ខំឱ្យនាវិកបោះបង់ចោលនាវា។
យោងតាមរបាយការណ៍សន្តិសុខដែនសមុទ្រ បានអះអាងថា ក្នុងចំណោមនាវាទាំងនោះ នាវាដឹកទំនិញ ម៉ាយូរី ដារី (Mayuree Naree) របស់ថៃ បានឆាបឆេះយ៉ាងខ្លាំងនៅក្បែរឆ្នេរសមុទ្រអូម៉ង់ ដែលបង្ខំឱ្យសមាជិកនាវិកភាគច្រើនត្រូវជម្លៀសខ្លួនចេញជាបន្ទាន់។
ដោយឡែក នាវាដឹកកុងតឺន័រ One Majesty របស់ជប៉ុន និង នាវា Star Gwyneth របស់សាធារណរដ្ឋកោះម៉ាសាល់ ក៏បានរងការខូចខាតផ្នែកតួនាវាខ្លះៗផងដែរ ប៉ុន្តែនាវិកទាំងអស់ត្រូវបានរាយការណ៍ថា មានសុវត្ថិភាព និងកំពុងធ្វើដំណើរទៅកាន់តំបន់ដែលមានសុវត្ថិភាព។
គួរបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមមក យ៉ាងហោចណាស់មាននាវាពាណិជ្ជកម្មចំនួន ១៤ ត្រូវបានគេរាយការណ៍ថាត្រូវបានវាយប្រហារនៅឈូងសមុទ្រ ដោយបានរំខានយ៉ាងខ្លាំងដល់ចរាចរណ៍ផ្លូវសមុទ្រតាមរយៈផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតមួយរបស់ពិភពលោក៕ដោយ៖តារា










