ភ្នំពេញ៖ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ (EPTF) បានអនុញ្ញាតជូន លោក Jiang Xiaofei នាយកនៃគណៈកម្មាធិការការងារពង្រីកសហគ្រាសនៅក្រៅប្រទេស នៃវិទ្យាស្ថានចិនសម្រាប់យុទ្ធសាស្រ្តនវានុវត្តន៍ និងអភិវឌ្ឍន៍ (China Institute for Innovation and Development Strategy – CIIDS) ដឹកនាំគណៈប្រតិភូក្រុមហ៊ុន China Bonded Port Group Co., Ltd. និងតំណាងក្រុមហ៊ុន Men Sarun MDR Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ បានធ្វេីឡេីងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក៏មានការអញ្ជើញចូលរួមពី លោកស្រីអនុរដ្ឋលេខាធិការ លោកអគ្គនាយកជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញក្រសួងពាណិជ្ជកម្មផងដែរ។
ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-ចិន ព្រមទាំងស្វែងយល់ពីសក្តានុពលក្នុងការជំរុញការនាំចេញកសិផលកម្ពុជា។ លោករដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅ និងបានផ្លាស់ប្តូរយោបល់យ៉ាងផុសផុលលើការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវវិស័យកសិ-ឧស្សាហកម្ម និងខ្សែចង្វាក់តម្លៃ ដែលជាចលករជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។
ក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោករដ្ឋលេខាធិការ ក៏បានអញ្ជើញជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “កិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជា” រវាងក្រុមហ៊ុន China Bonded Port Group Co., Ltd. និងក្រុមហ៊ុន Men Sarun MDR Co., Ltd.។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទីទាំងសំបក (ប្រភេទ M23) ក្នុងជំហានដំបូងដែលមានទំហំទឹកប្រាក់ប្រមាណ ៣៥លានដុល្លារសហរដ្ឋអាម៉េរិក ដោយភាគីទាំងពីរមានចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការជំរុញទំហំនាំចេញបន្ថែមទៀត ដែលរំពឹងថានឹងអាចកើនឡើងដល់សក្តានុពលទឹកប្រាក់ប្រមាណ ៤០០លានដុល្លារសហរដ្ឋអាម៉េរិក នាពេលអនាគត។
គួរបញ្ជាក់ផងដែរថា សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល និងផ្គូរផ្គងយ៉ាងសកម្មរបស់ ក្រុមការងារជំរុញការនាំចេញ (EPTF)…៕
ដោយ៖តារា










