ខេត្តកណ្តាល÷ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿង ញៀនយ៉ាងសកម្មចំនួន៣នាក់ ក្នុងនោះមានម្នាក់ជាជនល្មើសដែលមានដីកាចាប់ខ្លួនពីតុលាការដល់ទៅ២ ផងនោះ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយបង្ក្រាប និងឃាត់ខ្លួនបាន រួមជាមួយវត្ថុតាងថ្នាំ ញៀនចំនួន១០កញ្ចប់ ខណៈដែលមេក្លោងបោះដុំម្នាក់ ទៀតបានរត់គេចខ្លួនរួចពីសំណាញ់ច្បាប់។ ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងជា២ដំណាក់កាល ដោយចាប់ផ្តើមដំបូងនៅវេលាម៉ោង ២៣និង៤៥នាទីយប់ ថ្ងៃ ទី១០ មីនា ២០២៦ នៅចំណុចភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់រួមមាន ទី១ឈ្មោះ កែម តុប ហៅតុល (ប្រុស, ២៨ឆ្នាំ) ជាអ្នកជួញដូរ ទី២ឈ្មោះ ទ្រី ធឿន (ប្រុស, ៣៩ឆ្នាំ) ជាអ្នកជួញដូរ និងមានដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន២ពីសាលាដំបូងខេត្តកណ្តាល (ពីបទជួញដូរ) ទី៣ឈ្មោះ កែម វាសនា ហៅណេត(ប្រុស, ៣៦ឆ្នាំ) ជាអ្នកប្រើប្រាស់ និង ត្រូវជាបងបង្កើតឈ្មោះតុប។ អ្នកទាំង៣នាក់នេះមានទីលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ(ជាអ្នកត្រូវឃាត់ខ្លួន)។ ចំណែកឯជនសង្ស័យទី៤មានឈ្មោះ ស៊ឹម ចិត្រា ហៅចិត្ត (ប្រុស, ៤០ឆ្នាំ) ជាមេក្លោងជួញដូរ មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (កំពុងរត់គេចខ្លួន)។
លោកអធិការបានបន្តថា វត្ថុតាងដែលកម្លាំងសមត្ថកិច្ចរឹបអូសបានសរុបរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន១០កញ្ចប់ (តូច៧ និងមធ្យម៣ មានទម្ងន់៥.១២ក្រាម), ទូរស័ព្ទដៃម៉ាក Oppo ចំនួន២គ្រឿង (ពណ៌ស១ និងពណ៌បៃតង១) ព្រមទាំងសម្ភារៈវេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
លោកអធិការបានបញ្ជាក់ថា នៅយប់ថ្ងៃទី១០ មីនា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ចុះឃ្លាំមើលមុខសញ្ញានៅក្បែរច្រាំងទន្លេ ភូមិដីឥដ្ឋកោះផុស២ ក៏បានប្រទះឃើញជនសង្ស័យឈ្មោះ កែម តុប ដើរមកចំណុចកើតហេតុគួរឲ្យសង្ស័យ ហើយបានឃាត់ខ្លួនឆែកឆេររកឃើញថ្នាំញៀន៣កញ្ចប់តែម្តង។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះតុបបានសារភាពថា ថ្នាំទាំងនេះខ្លួនបានទិញពីមេក្លោងឈ្មោះ ស៊ឹម ចិត្រា ក្នុងតម្លៃ២០ម៉ឺនរៀល ហើយខ្លួនធ្លាប់ទិញពីមេក្លោងរូបនេះចំនួន៥០ដងមកហើយ។
លោកបានបន្តទៀតថា លុះដល់ព្រឹកឡើង ម៉ោង ៨និង២០នាទី កម្លាំងបានបន្តទៅឆែកឆេរផ្ទះរបស់ឈ្មោះ កែម តុប ក៏ប្រទះឃើញឈ្មោះ ទ្រី ធឿន (ជនមានដីកាចាប់ខ្លួន) និងឈ្មោះ កែម វាសនា ទើបឈានដល់ការឃាត់ខ្លួនទាំង២នាក់បន្ថែមទៀត ព្រមទាំងរកឃើញថ្នាំញៀនចំនួន៧កញ្ចប់ទៀត។ ជនសង្ស័យឈ្មោះ ទ្រី ធឿន បានសារភាពថា ថ្នាំញៀនទាំង៧កញ្ចប់នេះ ខ្លួនបានទិញពីឈ្មោះ ស៊ឹម ចិត្រា ក្នុងតម្លៃ៥០ម៉ឺនរៀល ដើម្បីយកមកបំបែកលក់បន្ត ហើយខ្លួនធ្លាប់ទិញពីឈ្មោះនេះចំនួន៦០ដងមកហើយ ក្នុងម្តងៗតម្លៃចន្លោះពី៥០ម៉ឺនរៀលទៅ១លានរៀល។ ចំណែកឯឈ្មោះ កែម វាសនា សារភាពថាខ្លួនគ្រាន់តែមកប្រើប្រាស់ថ្នាំញៀននៅទីនេះតែប៉ុណ្ណោះ។
ក្រោយពីទទួលបានចម្លើយសារភាពដ៏ច្បាស់ការណ៍នេះ កម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅដល់ផ្ទះរបស់មេក្លោងឈ្មោះ ស៊ឹម ចិត្រា នៅសង្កាត់ក្បាលកោះ តែជាអកុសល ពេលមេក្លោងរូបនេះក្រឡេកឃើញសមត្ថកិច្ច ក៏បានរត់គេចខ្លួនចូលទៅក្នុងព្រៃខាងក្រោយផ្ទះបាត់ស្រមោលទៅ។ បច្ចុប្បន្ន ជនសង្ស័យដែលឃាត់ខ្លួនបានទាំង៣ នាក់ រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ខណៈកម្លាំងជំនាញកំពុងតាមប្រមាញ់មេក្លោងដែលកំពុងរត់គេចខ្លួនយ៉ាងសកម្ម។
លោកអធិការអំពាវនាវគ្រឿងញៀនគឺជាភ្លើងបំផ្លាញអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានដឹង ឬឃើញមុខ សញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន សូមប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត ដើម្បីចូលរួមលុបបំបាត់មេរោគសង្គមមួយនេះទាំងអស់ គ្នា។ កុំបណ្តោយឲ្យគ្រឿងញៀនមានឱកាសបំផ្លាញសហគមន៍របស់យើង៕










