ភ្នំពេញ : លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា, គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្នការដ្ឋានកំពុងសម្រុកយ៉ាងខ្លាំង។
គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង(ស្គន់-កំពង់ចាម)ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចលទ្ធផលជារួម៨៩,៨៨%ហើយ។
ផ្អែកលើល្បឿនសកម្មភាពការដ្ឋាន គម្រោងនេះអាចបញ្ចប់នៅអំឡុងឆ្នាំ២០២៦ខាងមុខ ដែលមានន័យថា លឿនជាងផែនការគ្រោងទុក។
ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ជួយសម្រួលការធ្វើដំណើរ ,ការដឹកជញ្ជូនផលិតផលកសិកម្ម,កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។
ខណៈដែលការដ្ឋានកំពុងមមាញឹក ខ្ញុំបាទសូមអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧(ស្គន់-កំពង់ចាម)មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។
សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧នេះ៕
សូមអរគុណ













