ភ្នំពេញ៖ ដើម្បីចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក៏ដូចជាបំពេញតម្រូវការអ្នកជំនាញបម្រើការងារនៅក្នុងសេវាកម្មទេសចរណ៍ ក្រសួងទេសចរណ៍ នឹងរៀបចំបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១ នៅសាកលវិទ្យាល័យធនធានមនុស្ស រាជធានីភ្នំពេញ និងថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៨ នៅសាកលវិទ្យាល័យវ៉ាន់ដា សាខាខេត្តសៀមរាប។
ក្រសួងទេសចរណ៍ សូមលើកទឹកចិត្តដល់ បេក្ខជន បេក្ខនារី ដែលជាសិស្ស-និស្សិត អ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ និងសាធារណជន ចូលរួមដាក់ពាក្យប្រឡងចូលរៀនឱ្យបានកាន់តែច្រើន។
សូមជម្រាបជូនថា បេក្ខជន បេក្ខនារី ដែលប្រឡងជាប់ស្ថាពរនឹងត្រូវចូលរៀនវគ្គបណ្តុះបណ្តាល រយៈពេល ៧ខែ (សិក្សាថ្ងៃសៅរ៍-អាទិត្យ) ដោយក្នុងនោះ ការសិក្សាទ្រឹស្តី រយៈពេល ៥ខែ និងចុះកម្មសិក្សាហ្វឹកហាត់ការងារផ្ទាល់ នៅតាមបណ្តាក្រុមហ៊ុនទេសចរណ៍ រយៈពេល ២ខែ។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ សិក្ខាកាមអាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណពីក្រសួងទេសចរណ៍ ដើម្បីក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍ ប្រកបវិជ្ជាជីវៈស្របច្បាប់។
សម្រាប់ បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ចូលរួមប្រឡង សូមទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម តាមរយៈទូរសព្ទលេខ៖ ០៧៨ ២៦២ ៤៥៦ និង ០៩៦៦ ២៦២ ៤៥៦ ឬអានព័ត៌មានលម្អិតក្នុងសេចក្តីជូនដំណឹង៕
ដោយ៖តារា










