ភ្នំពេញ : ស្ថាប័ននីតិប្បញ្ញត្តិ (ព្រឹទ្ធសភានិងរដ្ឋសភា) សហការជាមួយក្រសួងស្ថាប័នមួយចំនួននៃស្ថាប័ននីតិប្រតិបត្តិ បានរៀបចំសិក្ខាសាលាដ៏សំខាន់មួយ ស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មរបស់កម្ពុជា» នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
ពិធីបើកសិក្ខាសាលានេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ជាង៣០០ នាក់ បានចូលរួមផ្ទាល់និងចូលរួមតាមអនឡាញជាច្រើនទៀត។
មានប្រសាសន៍នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ភាពធន់ជាតិ គឺជាសមត្ថភាពដ៏រឹងមាំរបស់ជាតិ ក្នុងការទប់ទល់រាល់វិបត្តិដែលកើតឡើងជាយថាហេតុ ក៏ដូចជាការស្ដារឡើងវិញនូវស្ថានភាពជាតិឱ្យមានភាពល្អប្រសើរឡើងឆាប់រហ័ស ហើយបន្តអភិវឌ្ឍខ្លួនឱ្យកាន់តែរីកចម្រើនសម្រាប់ថ្ងៃអនាគត។
ដើម្បីសម្រេចបាននូវភាពធន់នេះ ចាំបាច់ត្រូវមានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ មានសាមគ្គីភាព និងឯកភាពសង្គមជាធ្លុងមួយ រួមជាមួយនឹងប្រសិទ្ធភាពនិងសមត្ថភាពនៃស្ថាប័នជាតិ ព្រមទាំងទស្សនវិស័យជាយុទ្ធសាស្ត្រដ៏ច្បាស់លាស់។
សម្តេចរដ្ឋសភាធិបតី មានប្រសាសន៍បន្តថា ការរៀបចំសិក្ខាសាលានេះឡើង គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរួមគ្នាយ៉ាងម៉ឺងម៉ាត់ ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា ដើម្បីឈានទៅសម្រេចបានបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមួយដែលមានរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល ហើយមានភាពធន់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន។
សម្តេចប្រធាន មានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រៅពីបទអន្តរាគមន៍គន្លឹះ លោក លោកស្រី ទាំងអស់ នឹងការចូលរួមក្នុងកិច្ចពិភាក្សា និងសួរដេញដោលឱ្យបានផុលផុស ដើម្បីយល់ច្បាស់អំពីសមិទ្ធផលសម្រេចបាន និងកង្វះខាតនានា ហើយត្រូវរួមគ្នាគិតគូរឱ្យបានស៊ីជម្រៅ អំពីដំណោះស្រាយគន្លឹះ ក្នុងការប្រែក្លាយបញ្ហាប្រឈមទាំងនេះទៅជាកាលានុវត្តភាព សម្រាប់ការរៀបចំ និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា ឱ្យមានប្រសិទ្ធភាព និងសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់បន្ថែមទៀត។
សិក្ខាសាលាសភា ស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មរបស់កម្ពុជា» បានរួមសហការរៀបចំឡើងដោយ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា រួមជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា សហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងពាណិជ្ជកម្ម។
សិក្ខាសាលានេះរៀបចំឡើង ស្របពេលដែលពិភពលោកកំពុងច្របូកច្របល់ ហ៊ុមព័ទ្ធដោយសង្គ្រាម ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផលិតកម្ម ថាមពល ឧស្សាហកម្ម កសិកម្ម ស្បៀង និងអាកាសចរណ៍ ជាដើម។ លើសពីនេះ កម្ពុជាក៏បាន និងកំពុងប្រឈមនឹងសង្គ្រាមឈ្លានពានប្រដាប់អាវុធធុនធ្ងន់ ឃោរឃៅ ព្រៃផ្សៃ រំលោភច្បាប់អន្តរជាតិ ពីប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពសេដ្ឋកិច្ចរបស់ជាតិ។
សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ក្នុងកាលៈទេសៈបែបនេះ ក្នុងនាមតំណាងរាស្ត្រ ដែលតំណាងឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ ហើយគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមដឹកនាំនាវាកម្ពុជាឆ្លងកាត់ព្យុះភ្លៀង បោះពួយទៅមុខ ដោយមានទំនុកចិត្ត និងភាពប្រាកដប្រជា តាមរយៈចក្ខុវិស័យ និងយុទ្ធសាស្ត្រជាតិច្បាស់លាស់។
សម្តេចសង្កត់ធ្ងន់ថា សំណួរគន្លឹះដ៏សំខាន់ សម្រាប់យើងទាំងអស់នៅថ្ងៃនេះ គឺថា«តើយើងត្រូវប្រែក្លាយបញ្ហាប្រឈម និងការលំបាកដែលយើងកំពុងជួបប្រទះនាពេលនេះ ទៅជាកាលានុវត្តភាព និងភាពធន់របស់ជាតិ ដោយរបៀបណា?»
នេះជាចំណោទប្រស្នា ដែលសម្ដេចប្រធានរដ្ឋសភាស្នើសុំឱ្យអង្គសិក្ខាសាលាពិភាក្សាឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ហើយដាក់ចេញជាដំណោះស្រាយ ដែលអាចអនុវត្តបាន និងចេញជាលទ្ធផលផ្លែផ្កា សម្រាប់ជាតិមាតុភូមិជាទីស្រឡាញ់របស់យើង។
សូមជម្រាបថា ទោះប្រឈមនឹងផលលំបាកពីការឈ្លានពានរបស់ប្រទេសជិតខាង និងសង្គ្រាម ឬអសន្តិសុខពិភពលោកដែលបានផ្ទុះឡើងជាបន្តបន្ទាប់យ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលបាន និងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ លើការរក្សាស្ថិរភាពនយោបាយ សន្តិសុខ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការពង្រឹងសន្តិសុខសង្គម ការអនុវត្តច្បាប់ ការគ្រប់គ្រងអតិផរណា ការជំរុញការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច
ដោយផ្តោតលើការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ការលើកកម្ពស់គុណាធិបតេយ្យក្នុងការគ្រប់គ្រងធនធានមនុស្ស ការកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច ការលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍមូលធនមនុស្ស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងឌីជីថល ជាដើម។
កម្ពុជាកំពុងបន្តពង្រឹងសមត្ថភាពសេដ្ឋកិច្ចជាតិ ដើម្បីត្រៀមចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅក្នុងឆ្នាំ២០២៩ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
ដោយ : សិលា














