ភ្នំពេញ៖ លោក លី ធុជ បានបញ្ជាក់ថា៖ កម្ពុជាបានកំណត់គោលដៅច្បាស់លាស់រួចហើយក្នុងការដោះស្រាយបញ្ចប់ផលប៉ះពាល់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅកម្ពុជា ។
លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងជំនួបជាមួយ លោក Ethan Rinks នាយកកម្មវិធីនៃការិយា ល័យកាត់បន្ថយនិងរំសាយសព្វាវុធនៃក្រសួងការបរទេសសហរដ្ឋអាមេរិក និងគណៈប្រតិភូ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងគោលបំណងពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីនរវាងកម្ពុជានិងសហរដ្ឋអាមេរិក ។
លោក លី ធុជ ក៏បានសម្តែងនូវការព្រួយបារម្ភចំពោះបញ្ហាប្រឈមបញ្ហាមីននាពេលបច្ចុប្បន្ន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានលក្ខណៈស្មុគស្មាញ និងត្រូវការពេលវេលានិងថវិកាយ៉ាងច្រើនក្នុងការដោះស្រាយព្រមទាំង បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសហរដ្ឋអាមេរិក ដែលជួយគាំទ្រដល់ការបោសសម្អាតមីនតាមព្រំដែន និងឧបត្ថម្ភគាំទ្រដល់ជនភៀសសឹក ផងដែរ។
លោក លី ធុជ ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជារួមជាមួយប្រទេស ជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីននៅកម្ពុជា ក្នុងនោះសហរដ្ឋអាមេរិកគឺជាប្រទេសម្ចាស់ជំនួយធំជាងគេរហូតដល់ជាង២០០លានដុល្លារអាមេរិក។
លោក លី ធុជ ក៏បានអរគុណចំពោះភាពដៃគូ និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក ព្រមទាំងបានទទួលស្គាល់ចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិក អស់រយៈពេលជាង៣០ឆ្នាំ ពិតជាបានជួយសង្រ្គោះអាយុជីវិត និងផ្តល់ដីប្រកបដោយសុវត្ថិ ភាពជូនដល់ប្រជាជនកម្ពុជាបានយ៉ាងច្រើន តាមរយៈវិស័យសកម្ម ភាពមនុស្សធម៌នេះ។
លោកក៏បានចាត់ទុកភាពជាដៃគូ និងការបន្តកិច្ចសហ ប្រតិបត្តិការរបស់សហរដ្ឋអាមេរិក នឹងមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ គាំទ្រសហគមន៍ដែលរងផលប៉ះពាល់ និងសម្រេចបាននូវគោល ដៅរួមនៃប្រទេសកម្ពុជាដែលមានសុវត្ថិភាព និងគ្មានមីន ៕













