ខេត្តកំពង់ស្ពឺ ៖ ស្ត្រីដៃដល់ម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចឃាត់ខ្លួនបានខណៈដែលបន្លំលួចខ្សែកមាសទម្ងន់២ជី ពីក្នុងកាបូបអ្នកធ្វើការជាមួយគ្នាយកទៅលក់នៅក្នុងផ្សារត្រពាំងក្រឡឹងរំលងបានបីថ្ងៃម្ចាស់ខ្សែកដឹងឲ្យនគរបាលឃាត់ខ្លួន និងយកខ្សែកប្រគល់ឲ្យម្ចាស់ដើមវិញ។
ការឃាត់ខ្លួនស្ត្រីដៃដល់ជាជនសង្ស័យលួចយកខ្សែកអ្នកធ្វើការជាមួយគ្នាទៅលក់នៅផ្សារត្រពាំងក្រឡឹងបានកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅក្នុងរោងចក្រកាត់ដេរយីហោវិចថូររី ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងអត់ទឹក ឃុំគិរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថាជនស្ត្រីជាជនសង្ស័យដៃដល់លួចខ្សែកអ្នកធ្វើការជាមួយគ្នាដែលឃាត់ខ្លួននោះមានឈ្មោះ ង ផល្លា ភេទស្រី អាយុ២៩ឆ្នាំរស់នៅភូមិក្រាំងប្រស្រុក ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ចំណែកស្ត្រីរងគ្រោះជាម្ចាស់ខ្សែកមានឈ្មោះ ម៉ក់ សូល អាយុ៣៧ឆ្នាំស្នាក់នៅភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចស្រុកភ្នំស្រួចបានបន្តឲ្យដឹងថា នៅមុនពេលឈានទៅដល់ឃាត់ខ្លួនស្ត្រីជាជនសង្ស័យដៃដល់ខាង លើនៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២៦ មានឈ្មោះ ម៉ក់ សូល ភេទស្រី អាយុ៣៧ឆ្នាំស្នាក់នៅក្នុងភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច បានមកដាក់ពាក្យប្ដឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ នឹងបានរៀបរាប់ថា៖ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ រូបខ្លួនបានទុកខ្សែកមាសទម្ងន់២ជីក្នុងកាបូបស្ពាយ រួចជិះម៉ូតូទៅធ្វើការនៅក្នុងរោងចក្រវិចថូរី ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងអត់ទឹក ឃុំគិរីវន្ត ស្រុកភ្នំស្រួច ផ្នែកតុកាត់ ដោយអង្គុយធ្វើការជាមួយឈ្មោះ មាំង ផល្លា ភេទស្រី អាយុ២៩ឆ្នាំរស់នៅភូមិក្រាំងប្រស្រុក ឃុំគីរីវន្ត ស្រុកភ្នំស្រួច។
ពេលចូលធ្វើការរូបខ្លួនបានទុកកាបូប នៅលើតុធ្វើការ ហើយរូបខ្លួនដើរទៅយកកន្ត្រៃនិងស្បែកយកទៅដាក់ឲ្យគេតាមតុផ្សេងទៀត។ រហូតដល់ម៉ោង៨យប់ ថ្ងៃ ខែដដែល ដល់ម៉ោងចេញទៅផ្ទះរូបខ្លួនបានឃើញកាបូបនោះចំហ រួចហើយមិនចាប់អារម្មណ៍ក៏បិទកាបូបរួចត្រឡប់មកផ្ទះ។ លុះព្រឹកឡើងវេលាម៉ោង៦ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ រូបខ្លួនក៏បានបើកកាបូបមិនឃើញខ្សែក ហើយក៏ជិះទៅធ្វើការដូចសព្វមួយដង ពេលទៅដល់កន្លែងធ្វើការមិនឃើញឈ្មោះ មាំង ផល្លា មកធ្វើការទេ។
សមត្ថកិច្ចស្រុកភ្នំស្រួចបានបន្តឲ្យដឹងទៀតថា ស្ត្រីរងគ្រោះជាម្ចាស់ខ្សែក រៀបរាប់ថា វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ រូបខ្លួនក៏មកធ្វើការងារបានជួបឈ្មោះ មាំង ផល្លា នៅក្នុងរោងចក្រ ហើយក៏សួរថា បើលួចខ្សែកខ្ញុំយកឲ្យខ្ញុំវិញមក! ប៉ុន្តែឈ្មោះ មាំង ផល្លា គាត់បានប្រកែកថាមិនបានយកនោះទេ។ ដោយជជែកវែកញែកយូរ ក្រោយមកទើបឈ្មោះ មាំង ផល្លា បាននិយាយថាចាំគាត់បង់រំលោះក្នុងមួយខែ១៥០ដុល្លារ ឱ្យរូបខ្លួន ដោយសារតែខ្សែកនោះគាត់យកទៅលក់បាត់ទៅហើយ។ ពេលនោះម្ចាស់ខ្សែកបានដាក់ពាក្យឲ្យសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍រកយុត្តិធម៌។
សមត្ថកិច្ចស្រុកភ្នំស្រួចបានបញ្ជាក់ថា÷ក្រោយទទួលបានពាក្យបណ្ដឹងនៅ វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញ បានហៅជនសង្ស័យខាងលើ នៅចំណុចក្នុងរោងចក្រវិចថូរី ស្ថិតនៅភូមិឃុំខាងលើ យកមកសាកសួរ។ ស្ត្រីសង្ស័យដៃដល់ខាងលើបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានលួចខ្សែកមាសខាងលើ ប្រាកដមែន។ ចំពោះខ្សែករូបខ្លួនបានយកទៅលក់នៅក្នុងផ្សារត្រពាំងក្រឡឹង បានទឹកប្រាក់ចំនួន១១៥០ដុល្លារ។
សមត្ថកិច្ចដកហូតខ្សែកមាស១ខ្សែទម្ងន់២ជី ប្រគល់ជូនស្ត្រីជាម្ចាស់យកទៅវិញ។ ដោយឡែកសមត្ថកិច្ចមិនទាន់បង្ហាញថាខ្សែកនោះរំដោះបានពីតូបឬក៏កន្លែងបញ្ចាំ និងហាងលក់មាសលក់ផ្លាកទីនណា ឲ្យពិតប្រាកដនៅក្នុងផ្សារត្រពាំងក្រឡឹងនោះទេ។
បច្ចុប្បន្នស្ត្រីជាជនសង្ស័យដៃដល់ត្រូវបានឃាត់ខ្លួនសួរនាំនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕










