ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិចមួយគ្រឿងក្នុងល្បឿនលឿនល្មម និងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តម៉ាក FORD TERRITORY មួយគ្រឿងនៅផ្លូវបំបែកជាបួនបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី១២ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវម៉ៅសេទុងកែងផ្លូវលេខ១៥៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកFORD TERRITORY ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2CB-9195 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវលេខ១៥៦ក្នុងទិសដៅពីកើតទៅលិចឆ្លងផ្លូវបំបែកជាបួន ខណះពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិចមួយគ្រឿង ពាក់ផ្លាកលេខ 1KJ-6732 ជិះដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿនល្មម ខណៈពេលជិះមកដល់ចំណុចកើតហេតុជាន់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តចំពីមុខចំហៀងខាងស្តាំពេញទំហឹងបណ្តាលឲ្យរងការខូចខាតយានយន្តទាំងសងខាង សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស។
ក្រោយកើតហេតុ ដោយភាគីម្ចាស់រថយន្តមិនចង់វែងឆ្ងាយក៏ព្រមសងទៅលើម៉ូតូចំនួន៥០ដុល្លា ក្នុងការជួសជុលបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕
ដោយ ៖ ភារ៉ា ដង្កោ










