ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងនៅថ្ងៃទី១២ ខែមីនានេះថា កម្ពុជាមិនដែលបញ្ជូនពលករខ្មែរទៅធ្វើការងារនៅប្រទេសថៃនោះទេ ចាប់តាំងពីផ្ទុះសង្រ្គាមកន្លងមកនេះ ខណៈដែលក្នុងស្រុកកំពុងមានតម្រូវការកម្លាំងពលកម្មខ្ពស់។
លោកអ្នកនាំពាក្យរូបនេះ បានថ្លែងថា ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា មិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ទេ ដោយបច្ចុប្បន្ននេះកម្លាំងពលកម្មនៅក្នុងប្រទេសក៏កំពុងមានតម្រូវការខ្ពស់ដែរ។ ដូច្នេះកម្ពុជាគ្មានហេតុផលអ្វីដែលបញ្ជូនកម្លាំងពលកម្មរបស់ខ្លួនទៅឱ្យប្រទេសថៃនោះទេ។
លោក ស៊ុន មេសា បន្តថា នៅក្នុងវិស័យឧស្សាហកម្ម វិស័យកសិកម្ម កសិ-ឧស្សាហកម្ម សេវាកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត កំពុងត្រូវការម្លាំងពលកម្មយ៉ាងច្រើន ដើម្បីជួយគាំទ្រឱ្យសង្វាក់ផលិតកម្មនៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងនោះដំណើរការល្អ។ តម្រូវការកម្លាំងពលកម្មពីសំណាក់រោងចក្រ/សហគ្រាសនាពេលនេះ គឺស្របពេលដែលកម្ពុជាកំពុងទទួលបាននូវកម្លាំងពលកម្មជំនាញជាច្រើន ដែលទើបត្រឡប់មកពីធ្វើការក្នុងប្រទេសថៃ។
លោកអ្នកនាំពាក្យ បានគូសបញ្ជាក់ថា៖«ចាប់តាំងពីមានសង្គ្រាមតាមព្រំដែនមក គឺយើងមិនដែលបញ្ជូនកម្លាំងពលកម្មយើងទៅកាន់ប្រទេសថៃទេ ហើយយើងក៏អត់ទាន់មានគោលការណ៍ថ្មីក្នុងការបញ្ជូនកម្លាំងពលកម្មយើងធ្វើការងារនៅប្រទេសថៃដែរ។ ក្នុងនាមក្រសួងការងារ ខ្ញុំនៅតែអំពាវនាវឱ្យបងប្អូនពលករខ្មែរនៅថៃ សូមអញ្ជើញត្រឡប់មកធ្វើការងារនៅក្នុងប្រទេសយើងវិញ ដែលអាចទទួលបានអត្ថប្រយោជន៍ច្រើនជាងធ្វើការនៅប្រទេសថៃ»។
បើតាមអ្នកនាំពាក្យរូបនេះ ក្រសួងការងារបានខិតខំធ្វើការកែទម្រង់ស៊ីជម្រៅលើផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន បង្កើនកម្លាំងពលកម្ម ឬធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត ដើម្បីចូលរួមការគាំទ្រក្នុងការអភិវឌ្ឍជំនាញនៅកម្ពុជាឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុកឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖តារា










