ភ្នំពេញ៖ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមជូនដំណឹងដល់សាធារណជន អ្នកសារព័ត៌មាន ជាតិនិងអន្តរជាតិទាំងអស់ជ្រាបថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្រសួងព័ត៌មានបានរៀបចំពិធីបើក សម្ពោធការអនុវត្តគម្រោង «យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធ ប្រឆាំងព័ត៌មានបំភ្លៃ» ក្រោមអធិបតីភាពរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោក ចេន ចុង អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ សមាគមសារព័ត៌មាន និង អ្នកសារព័ត៌មានជាតិជាច្រើនរូប។ គម្រោងនេះ មានរយៈពេល ១ឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០២៦ ក្រោមមូលនិធិពិសេសនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមានការ ចូលរួមពីប្រទេសកម្ពុជា ចិន ឡាវ វៀតណាម និងប្រទេសមីយ៉ាន់មា។
គម្រោងនេះ ត្រូវបានអនុវត្តឡើងក្នុងគោលបំណង (១). បង្កើនការយល់ដឹងដល់សាធារណជនទាំង នៅក្នុងប្រទេសកម្ពុជា ទាំងនៅក្នុងមហាអនុតំបន់មេគង្គ អំពីគ្រោះថ្នាក់និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់ និងគ្រប់មធ្យោបាយដែលមកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ (២). លើកកម្ពស់អក្ខរកម្មព័ត៌មាន គុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មាន និងពង្រឹងសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយ ក្នុងការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ព័ត៌មាន។ ក្នុងការអនុវត្តគម្រោងនេះ ក្រសួងព័ត៌មាននឹងរៀបចំព្រឹត្តិការណ៍ធំៗ ចំនួន ៣ ជាលក្ខណៈតំបន់ (១). យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ (២). វេទិកាសារព័ត៌មាន ដោយ ផ្តោតជាសំខាន់លើវិធានការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយឆ្លងដែន (៣). កម្មវិធីប្រកួត ប្រជែងជ័យលាភីអ្នកផលិតមាតិកាស្តីពីការលុបបំបាត់ព័ត៌មានក្លែងក្លាយល្អជាងគេ។
តាមការរំពឹងទុក គម្រោងនេះ នឹងរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងតំបន់ តាមរយៈការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន លំហព័ត៌មាន និងសន្តិសុខព័ត៌មាន និងការពង្រឹងការទូត ព័ត៌មាន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់និងសកលលោក និងផ្សារភ្ជាប់ទំនាក់ទំនងរវាង ប្រជាជន និងប្រជាជននៃបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ និងនៅក្នុងសកលលោក សំដៅ ថែរក្សាសន្តិភាព និងវិបុលភាពរួមគ្នា។
ថ្លែងក្នុងពិធីបើកសម្ពោធគម្រោងនេះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «តួអង្គដ៏សំខាន់ក្នុង ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺសារព័ត៌មាន និងប្រជាពលរដ្ឋ។ ដូច្នេះ វិធានការដ៏មានប្រសិទ្ធភាព បំផុតក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺការផ្សព្វផ្សាយនិងទទួលបានព័ត៌មានពិតក្នុងចំណោម ប្រជាពលរដ្ឋ។ ដើម្បីសម្រេចបាននូវវិធានការនេះ កាតព្វកិច្ចដ៏សំខាន់ដែលប្រទេសទាំងអស់នៅលើសកលលោក ត្រូវតែយកចិត្តទុកដាក់ គឺការពង្រឹងសន្តិសុខព័ត៌មាន ដើម្បីធានាការទទួលបានព័ត៌មាន គុណភាពព័ត៌មាន និង សុវត្ថិភាពព័ត៌មាន»។ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសារៈសំខាន់នៃការទូតព័ត៌មានក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការក្នុងតំបន់និងសកលលោក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលកម្ពុជា បានឈានមុខគេក្នុងតំបន់ លើការពង្រឹងការទូតព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយ គ្រប់ប្រទេសទាំងអស់បាននិងកំពុងប្រឈមក្នុងសម័យឌីជីថលនេះ។
ក្នុងពិធីនេះ លោកអគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានលើកឡើង អំពីសារៈសំខាន់នៃគម្រោងនេះក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលជាបេសកកម្មរួមគ្នា ដោយ លោកបានលើកឡើងថា៖ «ភាគីកម្ពុជា និងភាគីចិន នឹងរួមគ្នាខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មាន ក្លែងក្លាយ ដោយលុបបំបាត់ពាក្យចចាអារ៉ាមមិនល្អ និងបង្កើតព័ត៌មានល្អៗសម្រាប់រឹតចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន»។
តាមរយៈបទពិសោធរបស់ក្រសួងព័ត៌មាន ក្នុងការរៀបចំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «និយាយទេ ចំពោះព័ត៌មានក្លែងក្លាយ» នៅទូទាំងប្រទេសកម្ពុជា យុទ្ធនាការលុបបំបាត់ ព័ត៌មានក្លែងក្លាយកម្រិតមហាអនុតំបន់មេគង្គ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹង ជួយពង្រឹងតួនាទីដ៏សកម្មរបស់កម្ពុជាក្នុងការចូលរួមជាមួយប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ក៏ដូច ប្រទេសផ្សេងៗទៀត ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ (Disinformation) ព័ត៌មានបំភ្លៃ (Malinformation) និងព័ត៌មានភាន់ច្រឡំ (Misinformation) ជាពិសេសព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI) ដែលបាននិងកំពុងចរាចរនៅលើបណ្តាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ន ខណៈដែលបច្ចេកវិទ្យា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើឱ្យការទទួលនិងផ្សព្វផ្សាយព័ត៌មានកាន់តែមានភាពងាយស្រួល រហ័ស ប៉ុន្តែវាក៏បង្កហានិភ័យខ្ពស់ ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមបង្ការ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត៕
ដោយ៖តារា










