អាមេរិកលើកលែងទណ្ឌកម្មរយៈពេល៣០ថ្ងៃសម្រាប់ការទិញប្រេងពីរុស្ស៊ីនៅលើសមុទ្រ

ចែករំលែក៖

សហរដ្ឋអាមេរិកបានចេញ ការលើកលែងទណ្ឌកម្មរយៈពេល 30 ថ្ងៃ អនុញ្ញាតឱ្យប្រទេសផ្សេងៗទិញប្រេង និងផលិតផលប្រេងពី រុស្ស៊ី ដែលកំពុងជាប់នៅលើនាវាកណ្តាលសមុទ្រ។

 

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក Scott Bessent បាននិយាយថា វាជាជំហានមួយដើម្បី ស្ថិរភាពទីផ្សារថាមពលពិភពលោក ដែលកំពុងរងឥទ្ធិពលពីសង្គ្រាមជាមួយអ៊ីរ៉ង់។

 

បន្ទាប់ពីការប្រកាសនេះ តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅទីផ្សារអាស៊ីនៅព្រឹកថ្ងៃសុក្រ។

 

ជំហាននេះគឺជាការខិតខំចុងក្រោយរបស់រដ្ឋបាលប្រធានាធិបតី Donald Trump ដើម្បីគ្រប់គ្រងតម្លៃថាមពល បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើ អ៊ីរ៉ង់ និងការឆ្លើយតបពីទីក្រុង Tehran ដែលធ្វើឱ្យភាពតានតឹងក្នុងតំបន់កើនឡើង និងរារាំងការដឹកជញ្ជូនតាមច្រកសមុទ្រ Strait of Hormuz ដែលជាផ្លូវសំខាន់សម្រាប់ការនាំចេញប្រេង និងឧស្ម័នពីមជ្ឈឹមបូព៌ា។

 

កាលពីថ្ងៃពុធ ទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ខ្លួននឹងបញ្ចេញប្រេងចំនួន 172 លានបារ៉ែលពីទុនបម្រុងប្រេងជាយុទ្ធសាស្ត្រក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់តម្លៃប្រេងដែលឡើងថ្លៃខ្លាំងបន្ទាប់ពីមានសង្រ្គាមនៅក្នុងប្រទេសអ៊ីរ៉ង់។ ការចេញផ្សាយនោះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏ទូលំទូលាយដោយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)  ដែលមាន 32 ប្រទេសក្នុងការបញ្ចេញប្រេង 400 លានបារ៉ែល។

 

IEA បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា សង្រ្គាមនៅមជ្ឈឹមបូព៌ាកំពុងបង្កើតការរំខានដល់ការផ្គត់ផ្គង់ប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។

 

អាជ្ញាប័ណ្ណដែលវ៉ាស៊ីនតោនបានចេញ អនុញ្ញាតឱ្យដឹកជញ្ជូន និងលក់ប្រេងរុស្ស៊ីដែលបានផ្ទុកលើនាវា ចាប់ពីថ្ងៃទី 12 មីនា រហូតដល់ ថ្ងៃទី 11 មេសា។

 

សេតវិមានព្រួយបារម្ភថា ការកើនឡើងនៃតម្លៃប្រេងអាចប៉ះពាល់ដល់អាជីវកម្ម និងអ្នកប្រើប្រាស់អាមេរិក មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា ដែលគណបក្សសាធារណរដ្ឋសង្ឃឹមថានឹងរក្សាការគ្រប់គ្រងសភា។

 

លោក Scott Bessent បាននិយាយថា វាជាវិធានការដែលមាន វិសាលភាពកំណត់ និងបណ្ដោះអាសន្ន ហើយមិននឹងផ្តល់អត្ថប្រយោជន៍ហិរញ្ញវត្ថុធំដល់រដ្ឋាភិបាលរុស្ស៊ីទេ។

 

យោងតាមសារព័ត៌មាន Fox News មានប្រេងប្រហែល 124 លានបារែល ពីរុស្ស៊ីកំពុងស្ថិតនៅលើនាវាក្នុងទីតាំងជាង 30 កន្លែងជុំវិញពិភពលោក។

ប៉ុន្តែវិធានការនេះក៏អាចធ្វើឱ្យមានភាពតានតឹងជាមួយសម្ព័ន្ធមិត្តលោកខាងលិច ដែលកំពុងព្យាយាមកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ីសម្រាប់សង្គ្រាមនៅ អ៊ុយក្រែន។ ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បាននិយាយថា ពេលនេះ មិនមែនជាពេលសមស្របសម្រាប់បន្ធូរទណ្ឌកម្មលើរុស្ស៊ីទេ។

 

មន្ត្រីរុស្ស៊ី Kirill Dmitriev ក៏បាននិយាយថា គាត់បានពិភាក្សាពីវិបត្តិថាមពលបច្ចុប្បន្នជាមួយគណៈប្រតិភូអាមេរិក ដែលរួមមានអ្នកតំណាងពិសេសរបស់ Trump គឺ Steve Witkoff និងកូនប្រសាររបស់គាត់ Jared Kushner នៅក្នុងរដ្ឋ Florida។

 

មុននេះ កាលពីថ្ងៃទី 5 មីនា ក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានចេញការលើកលែងទណ្ឌកម្ម 30 ថ្ងៃ សម្រាប់ ឥណ្ឌាដើម្បីអនុញ្ញាតឱ្យទិញប្រេងរុស្ស៊ីដែលជាប់នៅសមុទ្រ។

 

រដ្ឋបាលរបស់លោក Trump ក៏កំពុងពិចារណាលើការបន្ធូរច្បាប់ដឹកជញ្ជូនមួយដែលហៅថា Jones Act ជាបណ្ដោះអាសន្ន ដើម្បីអនុញ្ញាតឱ្យនាវាបរទេសដឹកប្រេង និងផលិតផលកសិកម្មរវាងកំពង់ផែអាមេរិក ដែលអាចជួយបន្ថយថ្លៃដឹកជញ្ជូន និងបង្កើនល្បឿនផ្គត់ផ្គង់។

 

មន្ត្រីសេតវិមាន Stephen Miller បាននិយាយថា ប្រធានាធិបតីកំពុងចាត់វិធានការទាំងអស់ដើម្បី កាត់បន្ថយតម្លៃប្រេង ហើយនឹងមានវិធានការថ្មីៗបន្ថែមទៀតនៅថ្ងៃខាងមុខ។

...

 

ប៉ុន្តែការលើកឡើងរបស់លោក Trump ថា សហរដ្ឋអាមេរិកអាចរកប្រាក់ចំណេញពីការកើនឡើងតម្លៃប្រេងដោយសារសង្គ្រាម បានបង្កឱ្យមានការរិះគន់ពីសមាជិកសភាមួយចំនួន ដែលចោទថា គាត់គិតតែពីផលប្រយោជន៍អ្នកមានប៉ុណ្ណោះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print