ទីក្រុងប៉ារីស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា ក្រុមមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងចិន គ្រោងនឹងបើកកិច្ចពិភាក្សាជុំថ្មីមួយស្ដីពីពាណិជ្ជកម្មក្នុងទីក្រុងប៉ារីស នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ សំដៅ ដោះស្រាយបញ្ហាមួយចំនួនពាក់ព័ន្ធនឹងពាណិជ្ជកម្ម ព្រមទាំងត្រួសត្រាយផ្លូវឱ្យកាន់តែរលូនសម្រាប់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំង ដើម្បី ជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីងនៅចុងខែនេះ។
កិច្ចពិភាក្សាខាងលើដែលនឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ត្រូវបានរំពឹងថានឹងផ្តោតជាពិសេសលើ ការផ្លាស់ប្ដូរពន្ធគយរបស់សហរដ្ឋអាមេរិក ការនាំចេញរ៉ែកម្ររបស់ចិន ការរឹតត្បិតលើការនាំចេញបច្ចេកវិទ្យាកម្រិតខ្ពស់របស់អាមេរិកទៅកាន់ទីផ្សារចិន និងការទិញផលិតផលកសិកម្មរបស់ ចិនពីសហរដ្ឋអាមេរិក។
ភាគីទាំង២ នឹងត្រូវជួបប្រជុំគ្នាក្នុងទីក្រុងប៉ារីស នៅឯទីស្នាក់ការនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ។ តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ក៏នឹងចូលរួមក្នុងកិច្ចប្រជុំនោះដែរ។
គួរបញ្ជាក់ថា ក្រុមអ្នកវិភាគអំពីពាណិជ្ជកម្មអាមេរិក និងចិន បាននិយាយថាដោយសារតែមានពេលវេលាខ្លីសម្រាប់ការរៀបចំ និងបង្វែរការផ្ដោតរបស់ទីក្រុងវ៉ាស៊ីនតោនលើសង្រ្គាមជាមួយ អ៉ីរ៉ង់ លទ្ធភាពដែលកិច្ចប្រជុំរវាងលោក ត្រាំ និងលោក ស៊ី ជីនពីង អាចនឹងសម្រេចលទ្ធផលផ្លែផ្កាលើពាណិជ្ជកម្ម ឬការបំបែកភាពជាប់គាំងណាមួយគឺមានតិចតួចណាស់ មិនថាក្នុងកិច្ចប្រជុំនៅប៉ារីស ឬប៉េកាំងនោះទេ៕ដោយ៖តារា










