សម្ដេចតេ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តរតនគិរី

ចែករំលែក៖

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ សម្ដេចតេ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តរតនគិរី។

ខេត្តរតនគិរីគឺជាខេត្តសក្ដានុពលផ្នែកទេសចរណ៍មួយក្នុងចំណោមខេត្តទេសចរណ៍ធំៗរបស់ព្រះរាជាណាចក្រកម្ពុជាដែលមានចំនួនអ្នកទេសចរណ៍ប្រមាណ១៤៦,៥៧០នាក់ក្នុងឆ្នាំកន្លងទៅ។ ប៉ុន្មានឆ្នាំចុងក្រោយនេះខេត្តរតនគិរីនេះមានការរីកលូតលាស់ គួរជាទីកត់សំគាល់ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអាគារធំៗ ហើយខេត្តនេះដែរគឺជាខេត្តដែលមានវារីអគ្គីសនីប្រើប្រាស់មុនគេ។

សម្តេចតេជោ បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម រួមមានការបង្ក្រាបនូវបទល្មើសផ្សេងៗ ការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និង ធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេៈត្រូវយកចិត្តទុកដាក់ ការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋអោយបានលឿននិងមានប្រសិទ្ឋិភាព មន្ត្រីត្រូវគិតថាខ្លួនជាអ្នក បម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ត្រូវចូលរួមសហការដើម្បីប្រមូលពន្ធ ដើម្បីជំរុញការ ប្រមូលពន្ឋអោយមានប្រសិទ្ឋិភាព ដើម្បីពង្រឹងចំណូលថវិកាជាតិដោយយកចិត្តទុកដាក់។ ត្រូវយកចិត្តទុកដាក់ការពារធនធានព្រៃឈើ ធនធានរ៉ែ អភិរក្សដីធ្លីសហគមន៍ជនជាតិដើមភាគតិច ព្រមទាំងយកចិត្តទុកដាក់ថែទាំតំបន់ទេសចរណ៍មួយចំនួនដូចជាបឹងយក្សឡោម ជាពិសេសទីកន្លែងដែលពាក់ព័ន្ធនឹងជំនឿរបស់ជនជាតិដើមភាគតិចត្រូវយកចិត្តទុកដាក់ថែទាំ។ អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធភាព និងគ្រប់គ្រងអាជីវកម្មដីសម្បទានសេដ្ឋកិច្ចអោយបានត្រឹមត្រូវតាមសៀវភៅបន្ទុក។ អាជ្ញាធរខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចេះសហការគ្នាជាមួយអាជ្ញាធរវៀតណាម ដើម្បីការពារនូវបទល្មើសផ្សេងៗ ជាពិសេសត្រូវខិតខំបង្កើនទំនាក់ទំនងអោយបានល្អ។

សម្តេចតេជោ ហ៊ុន សែនក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នា អភិវឌ្ឍន៌ខេត្រតនគិរីអោយកាន់តែរីកលូតលាស់ទៅមុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យគឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អ មុះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ៕

image

ដោយ សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print