ខេត្តកណ្តាល ÷ មន្ត្រីកងរាជអាវុធហត្ថស្រុកស្អាងបានឱ្យដឹងនៅថ្ងៃទី១៩ ខែមីនានេះថា មូលដ្ធានកងរាជអាវុធ ហត្ថស្រុកស្អាងបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីមួយសំបុកធំដែលសំងំជួញដូរប្រើប្រាស់រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ចំនួន១៦នាក់ ដកហូតវត្ថុតាងម៉ាទឹកកកចំនួន១៧កញ្ចប់ នៅក្នុងផ្ទះសំណាក់មួយកន្លែងយីហោ (ហ្គោលអន) កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការមូលដ្ធានកងរាជអាវុធហត្ថស្រុកស្អាងប្រាប់ឱ្យដឹងថា ក្រុមជនសង្ស័យទាំង១៦នាក់ មានបុរសចំនួន១១នាក់ ស្រីចំនួន០៥ នាក់ (វិជ្ជមានសារធាតុញៀនចំនួន១៥នាក់) ដែលមានអាយុចន្លោះពី១៨ឆ្នាំដល់៤៤ឆ្នាំ ក្នុងនោះមានមេការផ្ទះសំណាក់០១នាក់ និងមានទីលំនៅក្នុងស្រុកស្អាងចំនួន១២នាក់ ស្រុកកោះធំចំនួន០៣នាក់និងស្រុកព្រៃកប្បាស ខេត្តតាកែវចំនួន០១នាក់ ។
វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៧កញ្ចប់និងសម្ភារ:ប្រើប្រាស់មួយចំនួន, បារីអេឡិចត្រូនិកចំនួន៤ដើម, រថយន្តចំនួន១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-0231, ទូរស័ព្ទដៃចំនួន០៧គ្រឿង, ម៉ូតូចំនួន០៤គ្រឿងម៉ាកSONIC ពណ៌ខៀវ១គ្រឿង(គ្មានផ្លាកលេខ) ម៉ាកហុងដាគុបជ្រុង ពណ៌ខៀវ១គ្រឿង(គ្មានផ្លាកលេខ) ម៉ាក ហុងដាឌ្រីម C125 ពណ៌ខៀវ១គ្រឿងពាក់ស្លាកលេខ 1AN -4008, ម៉ាកហុងដាឌ្រីម សេ125 ពាក់ស្លាកលេខតាកែវ1P-7155។
លោកមេបញ្ជាការស្រុកបានបន្តទៀតថា÷ ក្រោយតាមដានស្រាវជ្រាវស៊ើបអង្កេតយ៉ាងម៉ត់ចត់ក៏ប្រទះឃើញមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀនជិះម៉ូតូចូលក្នុងផ្ទះសំណាក់យីហោ (ហ្គោអន)ទីតាំងកើតហេតុ ។ ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៏ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ព្រមទាំងមានការចូលរួមពីលោក សេង វុធ អភិបាលរងស្រុកស្អាង លោកមេបញ្ជាការបានដឹកនាំកម្លាំងចុះប្រតិបត្តិការដល់ទីតាំងកើតហេតុ ។
ជាលទ្ធផលនៅក្នុងសំណាក់ហ្គោអនក្នុងបន្ទប់លេខ 66 បន្ទប់លេខ 08 បន្ទប់លេខ03 និងបន្ទប់លេខ04 ឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន១៥នាក់ និងបន្តដល់ម៉ោង១១និង២០នាទីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងបានបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សម្បត្តិ សុខហេង នៅចំណុចផ្លូវលេខ 23 ស្ថិតក្នុងភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ។
ជនសង្ស័យសារភាពថា ថ្នាំញៀនបានទិញក្នុងតម្លៃចាប់ ពី ៧៥០.០០០រៀល ( ចិតសិបប្រាំម៉ឺនរៀល)ដល់ ៣. ០០០.០០០រៀល (បីលានរៀល )ពីឈ្មោះឆេង ចាន់ណា ហើយឈ្មោះ ឆេង ចាន់ណា បានទិញពីឈ្មោះថាញ់ ភេទប្រុស អាយុប្រហែល៥០ឆ្នាំ នៅម្តុំផ្លូវ ៦០ម៉ែត្រ រាជធានីភ្នំពេញ ដើម្បីយកមករំលែកវេចខ្ចប់ ជួញដូរបន្តនិងប្រើប្រាស់។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង១៦នាក់ រួមនឹងវត្ថុតាងបានបញ្ជូនមកបញ្ជាការដ្ធានកងរាជអាវុធហត្ថខេត្តកណ្តាលដើម្បីបន្តនីតិវិធី ៕










