តស់ៗ! ត្រៀមខ្លួនរួចរាល់ឬនៅ? ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០នឹងប្រារព្ធឡើងនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នាពេលខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦​ បានអញ្ជើញជាដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ ដែលសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ឱ្យរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង លោក​ លោកស្រី​ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និង អន្តរក្រសួង ស្ថាប័ន ជាអនុប្រធាននិងសមាជិក ព្រមទាំង លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន តាមរយៈការចូលរួមដោយផ្ទាល់ និងប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង(Zoom Meeting) សរុបចំនួន ១៣០នាក់។

ថ្លែង​ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃព្រឹត្តិការណ៍បុណ្យទន្លេ ដែលជាព្រឹត្តិការណ៍ជាតិរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ បង្ហាញសក្តានុពលធនធានធម្មជាតិ និងវប្បធម៌របស់តំបន់ជាប់ដងទន្លេ ជាពិសេសខេត្តក្រចេះ ព្រមទាំងជួយជំរុញសេដ្ឋកិច្ចរបស់ខេត្ត និងប្រជាពលរដ្ឋនៅមូលដ្ឋាន។

ទន្ទឹមនឹងនោះ រដ្ឋបាលខេត្ត និងអនុគណៈកម្មការនីមួយៗ បានត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឱ្យប្រព្រឹត្តទៅដោយរលូន ទទួលការចូលរួមពីមហាជនឱ្យបានច្រើនកុះករ និងទទួលបានជោគជ័យ។

...

សូមបញ្ជាក់ជូនថាក្នុងអំឡុងពេល៣ថ្ងៃនេះ នឹងមានព្រឹត្តិការណ៍អមជាច្រើន ដូចជា៖ ១. ពិធីរាប់បាត្រព្រះសង្ឃដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានពលីក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន, ២. កម្មវិធីដុតក្រឡានក្រចេះដឹងគុណវីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្ញើក្ដីនឹករលឹកដល់ប្រជាជនភៀសសឹក, ៣. កម្មវិធីព្រលែងត្រីចូលក្នុងទន្លេ ដើម្បីផ្ដល់ជីវិតថ្មី និងបន្តនិរន្តរភាពជីវៈចម្រុះសម្រាប់ទន្លេ និងបួងសួងសុំសេចក្ដីសុខដល់ប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព, ៤. ការសម្តែងទស្សនីយភាពសិល្បៈ ដែលបង្ហាញពីប្រពៃណីទំនៀមទម្លាប់ និងសក្ដានុពលទេសចរណ៍ខេត្តក្រចេះ ព្រមទាំងមានការប្រគំតន្ត្រីផងដែរ, ៥. ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារនិងភេសជ្ជៈ ការតាំងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុក ព្រមទាំងការបង្ហាញ សមិទ្ធផលនិងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តក្រចេះ, ៦. សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈមហាជនជាច្រើនប្រភេទ និង៧. កម្មវិធីបណ្តែតប្រទីប ព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗទៀតជាច្រើន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print