អភិបាល ខេត្តបន្ទាយមានជ័យឲ្យពលរដ្ឋប្រុងប្រយ័ត្ន អនុវត្តវិធានការសុខាភិបាល ពីការឆ្លងជំងឺផ្តាសាយបក្សី ក្រោយរកឃេីញពលរដ្ឋម្នាក់ ឆ្លងជំងឺនេះនៅស្រុកព្រះនេត្រព្រះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដោយមិនត្រូវប៉ះពាល់ ឬទទួលទាន មាន់ទាឈឺ ឬងាប់ជាខាច់ខាត់នេះបើតាមការលើកឡើងរបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល ក្រោយមានករណីរកឃេីញជំងឺផ្តាសាយបក្សីប្រភេទហាស់៥ អ៊ុន១ (H5N1) ចំនួន ០១ករណី កើតលើស្ត្រីអាយុ ៤៥ឆ្នាំ នៅស្រុកព្រះនេត្រព្រះ ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត

បានណែនាំដល់មន្ទីរសុខាភិបាលខេត្ត បែបនេះ នៅក្នុងពិធីបិទអង្គសន្និបាតបូកសរុបសមិទ្ធិផលការងារសុខាភិបាលឆ្នាំ២០២៥

និងលើកទិសដៅឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៩ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំ (ធំ) សាលាខេត្ត។

ដេីម្បីការពារពីការចម្លងជំងឺផ្តាសាយបក្សី ឯកឧត្ដម អ៊ុំ រាត្រី ណែនាំពីវិធានការពាររបស់ក្រសួងសុខាភិបាល ៖

១-កុំប៉ះពាល់ ឬទទួលទាន មាន់ទាឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស ឬយកក្រមាចងបិតច្រមុះ មុនពេល ចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោម, ២-ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ ជាពិសេស បន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ, ៣-ត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អមុនបរិភោគ ជាពិសេសសាច់ សត្វបក្សី និងស៊ុត។ កុំទទួលទាន ពងមាន់ ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់ សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។

ឯកឧត្ដម បញ្ជាក់ ថា ប្រសិនបើមានមាន់ទាឈឺឬងាប់ច្រើននៅផ្ទះឬក្នុងភូមិ ហើយមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការ ស្លាប់ជាយថាហេតុ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសព័ត៌មាន ពីករណីជំងឺផ្តាសាយបក្សី ចំនួន ០១ករណី កើតលើស្ត្រីអាយុ ៤៥ឆ្នាំ ដែលត្រូវបានបញ្ជាក់ថា មានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ អ្នកជំងឺមានទីលំនៅក្នុងភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ហេីយអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកដាច់ ដោយឡែកនៅមន្ទីរពេទ្យ និងទទួលការព្យាបាលដោយឱសថតាមីហ្គូ(Tamiflu) ព្រមទាំងទទួលបានការថែទាំ យ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print