រដ្ឋមន្ត្រីកសិកម្ម ដាក់ចេញទិសដៅអាទិភាព ៥ចំណុច ដើម្បីបន្តជំរុញវិស័យកសិកម្មកម្ពុជាឱ្យកាន់តែទំនើប សម្បូរបែប និងមានភាពធន់

ចែករំលែក៖

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានដាក់ចេញទិសដៅអាទិភាព ៥ចំណុច ដើម្បីបន្តជំរុញវិស័យកសិកម្មកម្ពុជាឱ្យកាន់តែទំនើប សម្បូរបែប និងមានភាពធន់។

ការដាក់ចេញវិធានការនេះ បានធ្វើឡើងនាឱកាសដែលលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ វិស័យកសិកម្មកម្ពុជាបានបង្ហាញពីភាពធន់ និងការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង បង្កើតការងារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ទោះបីជាពិភពលោក និងតំបន់ជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ។

ការចូលរួមក្នុងសេដ្ឋកិច្ចជាតិ និងការនាំចេញ៖ ក្នុងឆ្នាំ២០២៥ វិស័យកសិកម្មបានរួមចំណែកប្រមាណ ១៦,១% ក្នុងផលិតផលសរុបក្នុងស្រុក (GDP) ជាមួយនឹងកំណើនប្រចាំឆ្នាំ ១,២% ដែលធ្វើឱ្យតម្លៃបន្ថែមសរុបនៃវិស័យនេះកើនឡើងដល់ជាង ៨,៣ពាន់លានដុល្លារអាមេរិក។

ការនាំចេញសរុប៖ សម្រេចបានទឹកប្រាក់ជិត ៦,៥ពាន់លានដុល្លារ (កើនឡើងជាង ៣២០លានដុល្លារ ធៀបនឹងឆ្នាំ២០២៤) ក្នុងនោះ អនុវិស័យដំណាំមានទំហំធំជាងគេគឺជាង ៥,៦ពាន់លានដុល្លារ។

ផលិតកម្មស្រូវ-អង្ករ៖ កម្ពុជាផលិតស្រូវបានជាង ១៥លានតោន ដោយនៅសល់អតិរេកស្រូវជាង ៩លានតោន និងនាំចេញអង្ករបានជិត ៩៥ម៉ឺនតោន។ ជាមោទនភាពជាតិ អង្ករកម្ពុជាបានដណ្តើមជ័យលាភី “អង្ករល្អជាងគេនៅលើពិភពលោក” លើកទី៧ ក្នុងឆ្នាំ២០២៥។

ផលិតផលសាច់ និងត្រី៖ កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់តម្រូវការសាច់ក្នុងស្រុកបាន និងអាចទប់ស្កាត់ការរាតត្បាតជំងឺផ្តាសាយបក្សីបានទាន់ពេលវេលា ខណៈបរិមាណផលនេសាទត្រីទឹកសាបកើនឡើងប្រមាណ ១០%។

សមិទ្ធផលលេចធ្លោលើការអភិរក្ស និងសន្តិសុខស្បៀង៖ ក្រសួងសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់ក្នុងការអភិរក្សធនធានធម្មជាតិ និងការផ្គត់ផ្គង់តម្រូវការក្នុងស្រុក៖

•ការអភិរក្សសត្វផ្សោត៖ ឆ្នាំ២០២៥ គឺជាឆ្នាំដំបូងជាប្រវត្តិសាស្ត្រដែល មិនមានសត្វផ្សោតស្លាប់ទាល់តែសោះ ខណៈមានកូនកើតថ្មីចំនួន ៨ក្បាល។ គិតត្រឹមដើមឆ្នាំ២០២៦ នេះ ចំនួនសត្វផ្សោតទន្លេមេគង្គសរុបបានកើនឡើងដល់ ១១៤ក្បាល។

*ការពង្រីកទីផ្សារអន្តរជាតិ និងការគាំទ្រកសិករ៖ ដើម្បីបង្កើនប្រាក់ចំណេញដល់កសិករ និងកាត់បន្ថយថ្លៃដើមផលិត ក្រសួងបានដាក់ចេញនូវយន្តការសំខាន់ៗ៖

•សហគមន៍កសិកម្មទំនើប៖ បង្កើតបានចំនួន ៣១សហគមន៍ ក្នុង ១៤ខេត្ត លើដំណាំយុទ្ធសាស្ត្រចំនួន ៦មុខ។ សហគមន៍ទាំងនេះទទួលបានប្រាក់កម្ចីធនាគារជិត ១៦លានដុល្លារ ជាមួយនឹងអត្រាការប្រាក់សមរម្យ រួមទាំងថវិកាសម្រាប់គាំទ្រឥណទានសហគមន៍ពីរាជរដ្ឋាភិបាល ៣៥លានដុល្លារ។

•មន្ត្រីកសិកម្មឃុំ៖ កម្លាំងមន្ត្រីជំនាញចំនួន ១៦០០នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសដើម្បីជួយគាំទ្របច្ចេកទេស និងសម្របសម្រួលទីផ្សារដល់កសិករដោយផ្ទាល់។

•ការបើកទីផ្សារថ្មីសម្រាប់កសិផលកម្ពុជា៖ ក្រសួងបានជោគជ័យក្នុងការបើកទីផ្សារនាំចេញទុរេន និងសត្វក្រពើរស់ទៅកាន់ប្រទេសចិន នាំចេញអង្ករទៅហ្វីលីពីន និងបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសឡាវ ដើម្បីសម្រួលការដឹកជញ្ជូនកសិផលឆ្លងកាត់ទៅកាន់ប្រទេសចិន។

ចំពោះទិសដៅអាទិភាពសម្រាប់ឆ្នាំ២០២៦ ដើម្បីបន្តជំរុញវិស័យកសិកម្មកម្ពុជាឱ្យកាន់តែទំនើប សម្បូរបែប និងមានភាពធន់ លោករដ្ឋមន្ត្រី ឌិត ទីណា បានដាក់ចេញនូវទិសដៅអាទិភាពរួមមាន៖

ទី១៖ ការបន្តយកចិត្តទុកដាក់លើការរក្សាស្ថិរភាពថ្លៃ៖ តាមដានជាប់ជាប្រចាំនូវនិន្នាការទីផ្សារ និងទប់ស្កាត់ការធ្លាក់ថ្លៃកសិផល ដើម្បីធានាផលប្រយោជន៍ទាំងអ្នកផលិត និងអ្នកប្រើប្រាស់

ទី២៖ ការពង្រីកសហគមន៍កសិកម្មទំនើប ដោយផ្សារភ្ជាប់កសិករទៅនឹងទីផ្សារ និងបន្តពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ។

ទី៣៖ ការពង្រឹងការអនុវត្តច្បាប់៖ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ព្រៃឈើ និងសត្វព្រៃ ឱ្យកាន់តែម៉ឺងម៉ាត់ ព្រមទាំងជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើថ្មី។

 

ទី៤៖ ការគ្រប់គ្រងដីរដ្ឋប្រកបដោយចីរភាព៖ សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពន្លឿនការចុះបញ្ជីដីរដ្ឋ ដូចជាដីព្រៃឈើ ដីព្រៃលិចទឹក និងកន្លែងអភិរក្សជលផល។

ទី៥៖ ការសម្របសម្រួលការនាំចេញ៖ ជំរុញការដឹកជញ្ជូនកសិផលឆ្លងកាត់ប្រទេសឡាវ ទៅកាន់ប្រទេសចិន ឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព។

...

 

មុននឹងបញ្ចប់ លោក ឌិត ទីណា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់ភាគីពាក់ព័ន្ធ និងជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសហការកាន់តែជិតស្និទ្ធ វិស័យកសិកម្មកម្ពុជានឹងបន្តកសាងស្នាដៃថ្មីៗបន្ថែមទៀត ក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករ និងជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print