ខេត្តក្រចេះ៖ មហាជនជិត ២០០០នាក់ហើយ ដែលបានចុះឈ្មោះចូលរួមកម្មវិធីរត់កម្សាន្ដចម្ងាយ ៥គីឡូម៉ែត្រ ដើម្បីអបអរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ខាងមុខ។
បើតាមការបញ្ជាក់របស់លោក វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែមីនានេះ ដែលជាថ្ងៃទី៣ នៃការបើកទទួលចុះឈ្មោះ គណៈកម្មការបានទទួលអ្នកចុះឈ្មោះជាបណ្ដោះអាសន្នជាង ១,៨០០នាក់ ដែលជាចំនួនលើសពីការរំពឹងទុក។ បែបនេះក្ដី លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ បន្ដចុះឈ្មោះចូលរួមឱ្យបានច្រើន ក្នុងការចូលរួមរត់លេងកម្សាន្ដ ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេផង និងទទួលបាននូវសុខភាពល្អផង។
បញ្ជាក់៖ ប្រជាពលរដ្ឋដែលចុះឈ្មោះ ១,៥០០នាក់ដំបូង នឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតម្នាក់មួយពីគណៈកម្មការ គ្រាដែលអ្នកចុះឈ្មោះទៀត ទោះមិនបានអាវ តែគណៈកម្មការក៏មានត្រៀមទឹក ភេសជ្ជៈ និងអាហារសម្រន់ជាផលិតផលប្រចាំខេត្តក្រចេះ សម្រាប់ទទួលដោយឥតគិតថ្លៃជាច្រើនផងដែរ។
គួរដឹងថា បុណ្យបុណ្យទន្លេ លើកទី១០ នឹងប្រារព្ធធ្វើឡើងពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ក្រោមប្រធានបទ «ទន្លសបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ដែលនឹងមានកម្មវិធីសំខាន់ៗជាច្រើន ក្នុងនោះក៏មានសកម្មភាពកីឡាជាច្រើន រួមមានរត់កម្សាន្ដ ៥គីឡូម៉ែត្រ, កីឡាហោះហើរ, កីឡាវាយសី, អុក និងកីឡាប្រជាប្រិយ ដូចជាលេងរែក លោតម៉ឹក និងបោះអង្គញ់ជាដើម៕
ដោយ៖តារា










