ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើញញួរវាយក្បាលជនរងគ្រោះ) បង្កឡេីងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១០និង២៦នាទី ត្រង់ចំណុចមុខរោងចក្រឆាយណាទីង ផ្លូវបេតុង ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ នាព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៦នេះ ត្រូវបាននគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បញ្ចូនខ្លួនទៅកាន់តុលាការ ដេីម្បីផ្តន្ទាទោសតាមច្បាប់
ជនរងគ្រោះឈ្មោះ ហុង ឆៃយ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅផ្ទះជួលភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យម្នាក់មានឈ្មោះ ជា កណ្ណារដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជាងដែក ទីលំនៅភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន) ។
វត្ថុតាងចាប់យក៖ ញញួរ ដែក ដងស្រោបជ័រប្រវែង៣០សង់ទីម៉ែត្រចំនួន០១។
គួរបញ្ជាក់ថា ៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៨និង៣០នាទី ជនរងគ្រោះឈ្មោះ ហុង ឆៃយ៉ា ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ សុ វិឆ័យ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងដែក បានរៀបចំសម្ភារៈចេញពីផ្ទះជួល ផ្លូវបេតុង ស្ថិតនៅភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅធ្វើការផ្សារដែកនៅមុខរោងចក្រឆាយណាទីង ផ្លូវបេតុង ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះជនសង្ស័យឈ្មោះ ជា កណ្ណារដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ ជាកម្មកររបស់ជនរងគ្រោះ ស្នាក់នៅផ្ទះជាប់គ្នា បានមកនិយាយសុំលុយថ្លៃពលកម្មរបស់ខ្លួន ដើម្បីទៅលេងផ្ទះម្ដាយនៅមុខផ្សារហេងលី ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ពេលនោះជនរងគ្រោះក៏បានប្រាប់ថាយក ១៥០០០រៀល (មួយម៉ឺនប្រាំពាន់រៀល) បានហើយ រួចជនសង្ស័យ ក៏បាននិយាយថា លុយ ប៉ុណ្ណឹងយកទៅធ្វើអីគ្រាន់ ទើបជនរងគ្រោះបានឱ្យលុយចំនួន ២០០០០រៀល (ពីរម៉ឺនរៀល)ទៀតទៅជនសង្ស័យ រួចក៏ចេញទៅធ្វើការបាត់ទៅ។ លុះដល់ម៉ោង០៩និង៤០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះនិងឈ្មោះ សុ វិឆ័យ កំពុងតែកាត់ដែកផ្សារសំយ៉ាបកន្លែងលក់ដូរ នៅមុខរោងចក្រឆាយណាទីង ស្ថិតនៅផ្លូវបេតុង ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យបានមកដល់កន្លែង ធ្វើការ ហើយបានសួរនាំរឿងលុយថ្លៃពលកម្មរបស់ជនសង្ស័យ បន្ទាប់មកជនរងគ្រោះក៏បាននិយាយថាលុយអីគេ មិនសូវមកធ្វើការផង មកបាត់មកបាត់អញ្ចឹង ហើយជនសង្ស័យនៅតែសួរដដែលៗ។ លុះដល់ម៉ោង១០និង២៦នាទី ថ្ងៃខែឆ្នាំដដែល ស្រាប់តែជនសង្ស័យបានស្ទុះទៅយកញញួរដែក ដងស្រោបជ័រ ប្រវែង៣០សង់ទីម៉ែត្រម៉ែត្រ វាយទៅលើជនរងគ្រោះចំនួន០១ញញួរ ត្រូវចំក្បាលផ្នែកខាងក្រោយចំហៀងខាងឆ្វេង រួចក៏រត់គេចខ្លួនចេញទៅបាត់។ ពេលនោះក៏មានប្រជាពលរដ្ឋបានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម ឱ្យជួយអន្តរាគមន៍ ហើយសមត្ថកិច្ចយើងក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្មតាមនីតិវិធីច្បាប់ ។ ចំណែកជនរងគ្រោះត្រូវបានឈ្មោះ សុ វិឆ័យ ហៅកង់បីដឹកយកទៅមណ្ឌលសុខភាពស្ពានថ្ម ដេររបួសក្បាលចំនួន០៩ថ្នេរ ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង ៕












