ភ្នំពេញ៖ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ប៊ែលធី គ្រុប បានរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ មានអ្នកចូលរួម ៤,២៣៨នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ។
ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខាបានឱ្យដឹងថា ប៊ែលធី គ្រុប មានគណៈ គ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូបម្រើការ ៤,២៣៨នាក់ និងមាន ៣៧ទីតាំង (១ទីតាំង ជាស្នាក់ការកណ្តាល ប៊ែលធី គ្រុប ៣ទីតាំងជាសាកលវិទ្យាល័យ និង ៣៣ទីតាំងជាសាលា)។ ឯកឧត្តម បានជម្រាបជូនអំពីសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥ រួមមាន ១-ប៊ែលធីសំណង់ ២-ប៊ែលធីទេសចរណ៍ ៣-សាលា ប៊ែលធី អន្តរជាតិ ៤-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ៥-ប៊ែលធី ទំនាក់ទំនងអន្តរជាតិ ៦-មជ្ឈមណ្ឌលតេស្តអន្តរជាតិ ៧-ប៊ែលធីស្រាវជ្រាវ និងបោះពុម្ព (BELTEI University Press) និង ៨-មូលនិធិសប្បុរសធម៌ ប៊ែលធី។
ជាពិសេសការិយាល័យ MONASH – BELTEI IU Cambodia ដែលប៊ែលធីបានចុះកិច្ចព្រមព្រៀងជាមួយ MONASH University ដែលជាសាកលវិទ្យាល័យដ៏ល្អនៅអូស្ត្រាលី ដើម្បីបើកថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) នៅស្នាក់ការកណ្តាល ប៊ែលធី គ្រុប (ជាន់ទី៥) ដោយនិស្សិតសិក្សា១ឆ្នាំ នៅ MONASH – BELTEI IU Cambodia និងអាចបន្តសិក្សា៣ឆ្នាំ នៅ MONASH University នៅប្រទេសអូស្ត្រាលី។ ថ្នាក់ឆ្នាំមូលដ្ឋាន MONASH – BELTEI IU Cambodia នឹងចូលរៀននៅដើមខែតុលា ឆ្នាំ២០២៦ ខាងមុននេះ។
សម្រាប់ឆ្នាំ២០២៦នេះ ប៊ែលធី គ្រុប បានដាក់ចេញទិសដៅអនុវត្ត ១២ចំណុច រួមមាន៖
១- ពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងឱ្យបានកាន់តែល្អប្រសើរ និងកែសម្រួលបទបញ្ជាផ្ទៃក្នុងមួយចំនួន ដើម្បីឱ្យស្របតាមការរីកចម្រើនរបស់ក្រុមហ៊ុន និងការអភិវឌ្ឍរបស់ប្រទេសជាតិ
២- បន្តអនុវត្ត E-BELTEI GROUP (ប៊ែលធី គ្រុប អេឡិចត្រូនិច) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការពង្រឹងប្រព័ន្ធគ្រប់គ្រង E-School (SMS), E-University (UMS) និង Mobile Apps (BELTEI IS App, BELTEI IU App និង BELTEI E-Learning Cambodia)
៣- គ្រោងដាក់ឱ្យដំណើរការកម្មវិធី Mobile App ថ្មី “BELTEI E-Learning Cambodia” ដែលជាការសិក្សាបែបឌីជីថល សម្រាប់សិស្ស-និស្សិតទូទៅ អ្នកសិក្សាជាតិ-អន្តរជាតិ ជាពិសេសប្រជាជនខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស អាចរៀនគ្រប់ពេលវេលា គ្រប់ទីកន្លែង
៤- អភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំនៅគ្រប់កម្រិត-ថ្នាក់ទាំងសាលា និងសាកលវិទ្យាល័យ ដើម្បីដើរឱ្យទាន់ទីផ្សារការងារ ការវិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងការរីកចម្រើនរបស់ប្រទេសជាតិ និងពិភពលោក
៥- ពង្រឹងការគោរពវិន័យរបស់សិស្ស-និស្សិត ជាពិសេសអវត្តមាន ព្រមទាំងបង្កើនទំនាក់ទំនងល្អជាមួយមាតាបិតា និងអ្នកអាណាព្យាបាល
៦- ប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅ៖ សិស្សថ្នាក់ទី១២ ដើម្បីធ្វើយ៉ាងណាឱ្យប្រឡងជាប់បាក់ឌុបពី ៩៥% ឡើងទៅ, សិស្សភាសាអង់គ្លេសកម្រិត១២ (Level 12) ត្រូវបានពិន្ទុតេស្តអន្តរជាតិអាយអែល (IELTS) យ៉ាងតិច ៥.០ឡើង ពី ៩០% ឡើងទៅ និងសិស្សភាសាចិនទូទៅ ត្រូវបានពិន្ទុតេស្ត HSK ១៨០ពិន្ទុឡើង ពី ៩០% ឡើងទៅ
៧- បន្តកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នជាតិ-អន្តរជាតិលើ កិច្ចការបណ្ដុះបណ្ដាល សិក្សាស្រាវជ្រាវ ការចុះហ្វឹកហាត់ការងារ (Practical Training) ជាពិសេសឱកាសការងារសម្រាប់និស្សិតសាកលវិទ្យាល័យ
៨- បើកវគ្គបំប៉ន (On the Job Training) ផ្នែកគរុកោសល្យ ជូនសាស្ត្រាចារ្យ-លោកគ្រូ-អ្នកគ្រូ ដើម្បពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ គ្រូបង្រៀន ព្រមទាំងបើកវគ្គបំប៉នជំនាញតាមផ្នែកនីមួយៗ ឱ្យកាន់តែមានជំនាញច្បាស់លាស់ (Train to be professional)
៩- ពង្រឹងគុណភាពបណ្តុះបណ្តាលភាសាចិននៅគ្រប់កម្រិត-ថ្នាក់ ទាំងផ្នែកមហាវិទ្យាល័យចិន កម្មវិធីភាសាចិនទូទៅ និងកម្មវិធី២ភាសា – អង់គ្លេស-ចិន (ECSL) ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត
១០- ខិតខំបញ្ចប់ការសាងសង់អគារសាកលវិទ្យាល័យទី៣-ទួលពង្រ, អគារស្នាក់នៅនិស្សិត, មជ្ឈមណ្ឌលកីឡា, អគារស្រាវជ្រាវនិងបោះពុម្ព (BELTEI University Press) ព្រមទាំងពង្រឹងផ្នែកនិពន្ធ និងផ្នែកបោះពុម្ព ឱ្យដំណើរការកាន់ល្អប្រសើរបន្ថែមទៀត
១១- ការិយាល័យ MONASH – BELTEI IU Cambodia នឹងបើកថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) ចូលរៀននៅខែតុលា ឆ្នាំ២០២៦ ដោយនិស្សិតសិក្សា១ឆ្នាំ នៅ MONASH – BELTEI IU Cambodia និងបន្តសិក្សា៣ឆ្នាំ នៅ MONASH University នៅប្រទេសអូស្ត្រាលី
១២- ពង្រឹងផ្នែកអ្នកលក់នៅតាមសាខា ដោយត្រូវគោរពបទបញ្ជាផ្ទៃក្នុង មានភាពស្មោះត្រង់ (មិនលក់ទំនិញហាមឃាត-ទំនិញខូចគុណភាព) មានអនាម័យខ្ពស់ និងជំរុញការលក់ផលិតផលខ្មែរ (Made in Cambodia)។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូ គ្រប់ផ្នែកទាំងអស់នៃប៊ែលធី គ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍ និងសេចក្តីសម្រេចនានារបស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរគួរជាទីមោទនក្រៃលែង។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានប្រគល់លិខិតតែងតាំងជូនដល់ថ្នាក់ដឹកនាំនៃប៊ែលធីគ្រុប ចំនួន ២៦រូប និងពានរង្វាន់ការងារ ប័ណ្ណអាហារូបករណ៍ ១០០% និងរង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកបម្រើការងារ ១០ឆ្នាំ ចំនួន ១៤៩រូប នាពេលនោះ ផងដែរ៕
ដោយ៖ រស្មី










