ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ចុះបង្ក្រាបទីតាំងរោងសិប្បកម្មកែច្នៃផល គ្មានច្បាប់អនុញ្ញាតចំនួន ២កន្លែងក្នុងក្រុងសែនមនោរម្យ 

ចែករំលែក៖

ខេត្តមណ្ឌលគិរី÷ កម្លាំងជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងរោងសិប្បកម្មកែច្នៃផល និងអនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាតចំនួន ២កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រក្រុងសែនមនោរម្យ ដោយដកហូតបានម៉ាស៊ីនកែច្នៃ និងឈើអាជាច្រើនសន្លឹក។

 

ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៦ ស្ថិតក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោមការសម្របសម្រួលផ្ទាល់ពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី។

 

សេចក្តីរាយការណ៍បានឲ្យដឹងថា ការបង្ក្រាបទីតាំងទី១ នៅវេលាម៉ោងប្រមាណ ៩:៤០នាទីព្រឹក ក្រុមការងារដឹកនាំដោយលោក អ៊ុក វណ្ណៈ នាយរងខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានចុះទៅដល់ទីតាំងរោងសិប្បកម្មរបស់ឈ្មោះ យ៉ន ចន្ទី ។ ជាលទ្ធផល កម្លាំងជំនាញបានរកឃើញ និងដកហូតវត្ថុតាងរួមមាន តាបឈើឈូស ចំនួន ០១គ្រឿងម៉ាស៊ីនត្រង់សឺន័រ ចំនួន ០១គ្រឿង ម៉ាស៊ីនគោយន្តមួយ ឈើអាប្រភេទលេខ១ (សុក្រម) ចំនួន ១១៥ដុំ/សន្លឹក។

 

សេចក្តីរាយការណ៍បន្តថា នៅវេលាម៉ោង ១១:១៥នាទីព្រឹក ថ្ងៃដដែល ក្រុមការងារបានបន្តចុះបង្ក្រាបទីតាំងទី២ ដែលមានម្ចាស់ឈ្មោះ ឆុន ភារុន ភេទប្រុស ។ ក្នុងទីតាំងនេះ សមត្ថកិច្ចបានដកហូតបាន តាបឈើឈូស ចំនួន ០១គ្រឿង ម៉ាស៊ីនត្រង់សឺន័រ ចំនួន ០១គ្រឿង រណាបញ្ឈ ចំនួន ០១គ្រឿង ឈើអាប្រភេទលេខ១ (សុក្រម) ចំនួន ១៨ដុំ។

 

យោងតាមរបាយការណ៍ពីមន្ត្រីរដ្ឋបាលព្រៃឈើ បានឱ្យដឹងថា ការចុះបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីរកឃើញថា ម្ចាស់ទីតាំងទាំងពីរខាងលើបានលួចលាក់បង្កើតរោងសិប្បកម្មកែច្នៃឈើដោយគ្មានលិខិតអនុញ្ញាតពីស្ថាប័នជំនាញ ដែលជាអំពើល្មើសនឹងច្បាប់ស្តីពីព្រៃឈើ។

បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានកម្លាំងជំនាញដកហូត និងនាំយកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគីរី ដើម្បីរៀបចំកសាងសំណុំរឿងបន្តអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print