ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១៥ !
នៅព្រឹកថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិ គាំពារសង្គម លើកទី១៥ ដោយមានការចូលរួមពី លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន២ ដោយទទួលបាន លទ្ធផល ដូចខាងក្រោម៖
១. សេចក្តីព្រាង “គោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា
សម្រាប់របៀបវារៈទី១ នេះ, អង្គប្រជុំបានពិនិត្យ និងពិភាក្សា យ៉ាងយកចិត្តទុកដាក់ និងផុសផុល លើសេចក្តីព្រាង “គោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា”។
សេចក្តីព្រាងគោលនយោបាយនេះ មានគោលបំណង៖ (១) ផ្តល់ដំណោះស្រាយជាយុទ្ធសាស្ត្រ និងមានលក្ខណៈជាប្រព័ន្ធ, (២) ជំរុញការគាំទ្រលើសុខុមាលភាពជនអនាថា ដោយធានាលទ្ធភាព ទទួលបានសេវាសង្គមកិច្ចសំខាន់ៗ និងអត្ថប្រយោជន៍នានាពីប្រព័ន្ធគាំពារសង្គម, (៣) រៀបចំប្រព័ន្ធ អភិបាលកិច្ចច្បាស់លាស់តាមរយៈការពង្រឹងតួនាទី និងភារកិច្ចរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង (៤) ពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ផ្សេងៗ ដើម្បីកាត់បន្ថយភាពអនាថា, លើកកម្ពស់ជីវភាព ស្តារនីតិសម្បទា, និងជំរុញការធ្វើសមាហរណកម្ម ទៅក្នុងសហគមន៍វិញតាមរយៈការបង្កើតយន្តការកំណត់អត្តសញ្ញាណច្បាស់លាស់។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងយកចិត្តទុកដាក់លើចំណុចជាយុទ្ធសាស្ត្រសំខាន់ៗ និង បានផ្តល់មតិយោបល់កែសម្រួលខ្លឹមសារមួយចំនួន ដើម្បីឱ្យសេចក្តីព្រាងគោលនយោបាយនេះ កាន់តែការស មានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ មុននឹងគោរពស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅពេលខាងមុខ។ បន្ទាប់ពីទទួលបានការសម្រេច ដ៏ខ្ពង់ខ្ពស់, គោលនយោបាយនេះ នឹងក្លាយជាក្របខណ្ឌរួម ដែលចង្អុលបង្ហាញនូវដំណោះស្រាយជាយុទ្ធសាស្ត្រ និងយន្តការនានា សម្រាប់តម្រង់ទិសដល់ភាគីពាក់ព័ន្ធគ្រប់កម្រិតលើការងារគ្រប់គ្រង និងដោះស្រាយបញ្ហាជនអនាថាទូទាំងប្រទេស។
២. សេចក្តីព្រាង “អនុក្រឹត្យស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម”
សម្រាប់របៀបវារៈទី២ នេះ, ក្រុមការងារបច្ចេកទេសនៃទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ បាន គោរពរាយការណ៍ជូនអង្គប្រជុំអំពីសារបាននៃការរៀបចំ និងខ្លឹមសារនៃសេចក្តីព្រាង «អនុក្រឹត្យស្តីពី ការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម» បន្ទាប់ពីទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច មហាបវរធិបតី នាយករដ្ឋមន្ត្រី កាលពីអំឡុងខែមករា ឆ្នាំ២០២៥ និងបន្ទាប់ពីទទួលបានការ គាំទ្រដ៏ខ្ពង់ខ្ពស់របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងកិច្ចប្រជុំលើកទី១៤ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លើការរៀបចំយន្តការបញ្ជាក់ចំណាយថ្មី ក្នុងប្រព័ន្ធគាំពារសង្គម។
សេចក្តីព្រាង-អនុក្រឹត្យស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម» ត្រូវបានរៀបចំឡើង ក្នុងគោលបំណងកំណត់អំពីវិធាន និងគោលការណ៍នៃការបញ្ជាក់ចំណាយ ដើម្បីធានាឱ្យបាននូវ សុក្រឹតភាព, តម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការទូទាត់ចំណាយក្នុង ប្រព័ន្ធគាំពារសង្គម។ សេចក្តីព្រាងអនុក្រឹត្យនេះ បានកំណត់នូវគោលការណ៍សំខាន់ៗមួយចំនួន ដែល ជាក្របខណ្ឌរួមនៃការរៀបចំ ពោលគឺ៖ (១) ការកំណត់ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយជាអង្គភាព តែមួយគត់ ដែលមានសមត្ថកិច្ចអនុវត្តការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម, (២) ការប្រើប្រាស់ ប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយ ជាអភិក្រមក្នុងការបញ្ជាក់ចំណាយ, (៣) ការដាក់ចេញជាក់លាក់នូវ វិធានការ និងការហាមឃាត់ចំពោះការស្នើសុំទូទាត់ចំណាយរបស់ភាគីផ្តល់សេវា ដែលមិនស្របតាម គោលការណ៍ដែលបានដាក់ចេញ, និង (៤) ការបង្កើតយន្តការដោះស្រាយវិវាទបញ្ជាក់ចំណាយ។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងបានឯកភាពជាគោលការណ៍លើ ខ្លឹមសារជារួមនៃសេចក្តីព្រាងអនុក្រឹត្យនេះ។ អង្គប្រជុំបានឯកភាពក្នុងការកែសម្រួលចំណុចមួយចំនួន ដើម្បីឱ្យការរៀបចំសេចក្តីព្រាង“អនុក្រឹត្យស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម» នេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ មុននឹងគោរពស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅពេលខាងមុខ៕
ដោយ : សិលា













