ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃពុំទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅឡើយទេ។ ក្រសួងមហាផ្ទៃ បានបន្តកត់ត្រាទុក សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ ទន្ទឹមគ្នានឹងការបន្តយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយសារអំពើឈ្លានពាន ជាពិសេសពលរដ្ឋដែលនៅពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។
ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជូនបច្ចុប្បន្នភាពសភាពការណ៍ គិតពីម៉ោង ៦ព្រឹក ថ្ងៃទី២២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដូចខាងក្រោម៖
១-ស្ថានភាពពលរដ្ឋភៀសសឹក៖ មានពលរដ្ឋភៀសសឹក៣៨នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋាន វិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន១ម៉ឺននាក់ ឬ ជាង៩៤% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៣៦.២៨២នាក់ទៀត (ស្ត្រី១៨.៧៨៦នាក់ និងកុមារ ១២.២៧៩នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។
២-ការបន្តផ្អាកសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តឧត្តរមានជ័យ មានសាលារៀន៨ និងមន្ទីរពេទ្យ/មណ្ឌល សុខភាព៥ នៅបន្តផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តផ្អាក។ ខេត្តព្រះវិហារ មានសាលារៀន៧ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព២ នៅបន្តផ្អាក។
៣-ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យ សម្បត្តិសាធារណៈ និងឯកជន ពុំទាន់មានរបាយការណ៍ថ្មីបន្ថែមលើករណីដែលក្រសួងបានកត់ត្រាទុកនៅឡើយទេ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល ដែលបានតវ៉ាជំទាស់ជាថ្មី ប្រឆាំង ការឈ្លានពានកាន់កាប់ទឹកដីខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ដោយចុងក្រោយនេះទៀត បានធ្វើសកម្មភាពដុតបំផ្លាញលំនៅដ្ឋានពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន ឈូសឆាយដីធ្លី សាងសង់ផ្លូវ និងសំណង់បេតុង លាតសន្ធឹងពីតំបន់ប្រាសាទខ្នារ ឆ្ពោះទៅប្រាសាទតាក្របី និង ចុះវាស់វែង បែងចែកដីធ្លី ចំនួន៣កន្លែងដល់ប្រជាពលរដ្ឋខ្លួន នៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧ ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា ដូចមានក្នុងផែនទីអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង ឆ្នាំ១៩០៧។ សកម្មភាពនេះ បានបំពានបន្ថែមទៀតលើអនុស្សរណៈស្តីពីការវាស់វែង និងបោះបង្គោលព្រំដែន ឆ្នាំ២០០០ និងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) កាលពីខែធ្នូ ឆ្នាំ២០២៥។ ភាគីថៃ ត្រូវតែបញ្ឈប់សកម្មភាពខាងលើ ឬនៅតំបន់ផ្សេង និងត្រូវចៀសវាងសកម្មភាពជាឯកតោភាគីរបៀបនេះបន្ថែមទៀត។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវសាធារណជនជាតិ និងមជ្ឈដ្ឋានអន្តរជាតិ បន្តផ្តល់ការគាំទ្រ និងជឿជាក់លើការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីរកដំណោះស្រាយចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី តាមមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដោយមហាន់គោលការណ៍ ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំង ដូចដែលកម្ពុជាបានអនុវត្តយ៉ាងស្មោះត្រង់ និងក្នុងសារនៅសហប្រ តើសហប្រតិបត្តិការនយ៉ាងល្អជាមួយប្រទេសជិតខាងផ្សេងទៀត៕
ដោយ៖តារា










