ឥណ្ឌា៖ ប្រជាជនឥណ្ឌាទាំងអ្នកជិះម៉ូតូ និងរថយន្តបានមកប្រមូលផ្តុំគ្នាឈរជាជួរយ៉ាងវែងនៅជុំវិញស្ថានីយប្រេងឥន្ធនៈក្នុងទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទទី២៣ ខែមីនា ខណៈការព្រួយបារម្ភបានកើនឡើងអំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលអាចកើតមាន ដោយអាជ្ញាធរបាននិយាយថាពុំមានការខ្វះប្រេងឥន្ធនៈនោះទេ។
បើតាមប្រតិបត្តិករស្ថានីយប្រេងឥន្ធនៈ បាននិយាយថា ក្នុងពេលជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ការព្រួយបារម្ភត្រូវបានជំរុញដោយការផ្គត់ផ្គង់ទាបជាងធម្មតាទៅកាន់ស្ថានីយប្រេងឥន្ធនៈមួយចំនួននៅក្នុងទីក្រុង ហើយការផ្គត់ផ្គង់កំពុងត្រូវបានបង្កើន។
ប្រទេសឥណ្ឌា ជាប្រទេសនាំចូលប្រេងនិងជាអ្នកប្រើប្រាស់ប្រេងច្រើនបំផុតទីបីរបស់ពិភពលោក ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយការរំខានដល់ការដឹកជញ្ជូនថាមពលតាមរយៈច្រកសមុទ្រ Hormuz បណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់ ដែលបច្ចុប្បន្នស្ថិតនៅក្នុងសប្តាហ៍ទីបួន។
ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ប្រទេសមានរយៈពេលមួយខែដើម្បីបង្កើនការទិញប្រេង និងឧស្ម័នពីអ៊ីរ៉ង់ដែលមានទីតាំងនៅជិតប្រទេសឥណ្ឌា។ ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា បានទិញប្រេងរុស្ស៊ីរាប់លានបារ៉ែលរួចហើយ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកចេញទណ្ឌកម្មលើខ្លួន ដើម្បីព្យាយាមទប់ស្កាត់ការកើនឡើងតម្លៃប្រេង។
ក្រៅពីកង្វះប្រេង ប្រទេសឥណ្ឌាក៏កំពុងប្រឈមនឹងកង្វះឧស្ម័ន LPG យ៉ាងធ្ងន់ធ្ងរ ដែលភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ចម្អិនអាហារ៕
ដោយ៖តារា










