ខេត្តព្រះសីហនុ៖ ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានបន្តយុទ្ធនាការយ៉ាងសកម្មក្នុងការអនុវត្តអនុក្រឹត្យលេខ០៣ ដោយបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងបានចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំចំនួន២៦ទីតាំង ហើយឈានទៅបង្ក្រាបបានចំនួន៤ទីតាំងជាក់ស្តែង។
យោងតាមរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ទីតាំងទាំង៤កន្លែង ដែលសមត្ថកិច្ចចុះបង្ក្រាបនោះ រួមមាន៖ សណ្ឋាគារ ជីនសា ហូលីដេ, វីឡាភូមិគ្រឹះ, អគារខុនដូរ ស៊ែង យូរ និងផ្ទះជួលនៅសង្កាត់៤។ ក្នុងប្រតិបត្តិការនោះជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យសរុបចំនួន៥០នាក់ ក្នុងនោះមានជនជាតិចិនចំនួន៣៦, ជនជាតិខ្មែរចំនួន ៣នាក់ (ស្ដ្រី១នាក់), ជនជាតិឥណ្ឌា ចំនួន ៥នាក់ (ក្នុងនោះ ស្ដ្រី ២នាក់), ជនជាតិបង់ក្លាដេស ចំនួន ៣នាក់, ជនជាតិប៉ាគីស្ថាន ចំនួន ២នាក់ និងស្ដ្រីជនជាតិភូមា ចំនួន១នាក់ រួមទាំងបានដកហូតវត្ថុតាង មានដូចជាកុំព្យូទ័រលើតុ ទូរសព្ទដៃ និងកុំព្យូទ័រយួរដៃមួយចំនួន។
ក្រៅពីការបង្ក្រាបទីតាំងទាំង៤ខាងលើ ក្រុមការងារបានចុះត្រួតពិនិត្យនៅកាស៊ីណូ ហ្គោលដិន ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ផងដែរ ដោយរកឃើញសម្ភារសង្ស័យពាក់ព័ន្ធនឹងការធ្វើ សកម្មភាពឆបោកតាមអនឡាញរួមមាន៖ កុំព្យូទ័រលើតុចំនួន ១៨៦គ្រឿង និងទូរសព្ទដៃចំនួន ១៥៤គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សូមជម្រាបជូនថា ការបោសសម្អាត Online Scams នៅទួទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ច និងអាជ្ញាធរក្នុងរាជធានី-ខេត្ត បានបង្ក្រាបដល់ទីតាំង និងបិទសៀល (មិនឱ្យមានសកម្មភាព) ចំនួន ២៣៦ទីតាំង នៅក្នុងបណ្តារាជធានី ខេត្ត ក្នុងនោះទីតាំងកាស៊ីណូ ចំនួន ៩១ទីតាំង ទៅតាំងជាប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន ១៤៥ ទីតាំង។
តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ចំនួន ៧៩ សំណុំរឿង ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧នាក់ ចំណោមនោះមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង មីយ៉ាន់ម៉ា បង់ក្លាដេស សិង្ហបុរី នេប៉ាល់ ឥណ្ឌា ម៉ាឡេស៊ី ខ្មែរ ប៉ាគីស្ថាន ថៃ ហើយក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ៕
ដោយ៖តារា










