លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ លោកបណ្ឌិត Sangyoung Park

ចែករំលែក៖

ភ្នំពេញ : លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជានាយកគម្រោងទទួលថវិកាសាងសង់ពីធនាគារអាហរ័ណ-នីហរ័ណ សាធារណរដ្ឋកូរ៉េ (K-Eximbank) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃអង្គារ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ លោកបណ្ឌិត Sangyoung Park នាយកគម្រោង KOMEC នៃសាជីវកម្មធនធានទឹកកូរ៉េ (K-Water)។

 

សូមជម្រាបថា កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់សហការីនៃអង្គភាពគ្រប់គ្រងគម្រោង (PMU) ផងដែរ។ ចំណែកឯខ្លឹមសារសំខាន់នៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើសកម្មភាពគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាពក្នុងតំបន់មេគង្គ ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយម និងមជ្ឈមណ្ឌល KOMEC នៃសាជីវកម្ម K-Water។

 

ជាលទ្ធផល ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹង និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន និងស៊ីជម្រៅបន្ថែមទៀត ដោយឈរលើគោលការណ៍ផលប្រយោជន៍ទៅវិញទៅមក សំដៅធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពនៃការអភិវឌ្ឍវិស័យធនធានទឹក ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print