លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី៖ ការអនុវត្តយ៉ាងម៉ឺងម៉ាង និងទៀងទាត់នូវបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សរបស់កម្ពុជា គឺជាការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស

ចែករំលែក៖

ខេត្តរតនគិរី៖ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ ក្រោមកិច្ចសហការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្តរតនគិរី។

 

ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្សចំនួន ៨ ក្នុងចំណោម៩ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលកម្ពុជាជារដ្ឋភាគី បានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ កម្ពុជាបានខិតខំលុបបំបាត់រាល់ទម្រង់នៃការរើសអើង ដោយមិនគិតពណ៌សម្បុរ ភេទ ជាតិសាសន៍ ស្របតាមគោលនយោបាយ “មិនទុកនរណាម្នាក់ចោល”។ ក្នុងន័យនេះ ក៏រួមបញ្ចូលទាំងការមិនរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា (LGBT) ផងដែរ ដោយពួកគេត្រូវបានលើកទឹកចិត្តនិងគាំទ្រឱ្យមានការចូលរួមក្នុងសង្គមយ៉ាងស្មើភាព និងមានសក្តានុពលដូចគ្នា។

 

ភ្ជាប់ទៅនឹងគោលការណ៍មិនរើសអើងពូជសាសន៍នេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តរក្សាគោលជំហរដ៏ច្បាស់លាស់ក្នុងការមិនរើសអើង ទោះបីជាកម្ពុជាកំពុងប្រឈមនឹងវិបត្តិជម្លោះព្រំដែនជាមួយប្រទេសថៃក៏ដោយ។ ជាក់ស្តែង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទូទៅ ឱ្យគោរពអនុវត្តច្បាប់ជាធរមានយ៉ាងម៉ឺងម៉ាត់ ដោយមិនត្រូវមានការរើសអើង មិនប្រើអំពើហិង្សា ឬបង្កគ្រោះថ្នាក់ណាមួយចំពោះប្រជាជន ពលករ ឬអ្នកជំនួញជនជាតិថៃ ដែលកំពុងរស់នៅ និងបំពេញការងារនៅក្នុងប្រទេសកម្ពុជា ដែលអាចនាំឱ្យកើតមានការរើសអើងពូជសាសន៍ ឬជាតិសាសន៍ឡើយ។

លើសពីនេះទៅទៀត ជនជាតិថៃដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ក៏ទទួលបានការធានាសុវត្ថិភាព និងការពារយ៉ាងត្រឹមត្រូវ ដោយគ្មានអំពើហិង្សាណាមួយឡើយ។ ទាំងនេះបង្ហាញយ៉ាងច្បាស់ពីការគោរពតម្លៃមនុស្សជាតិ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរក្សាសន្តិភាព និងសហអភិវឌ្ឍជាមួយប្រទេសជិតខាង ដែលផ្ទុយពីរដ្ឋាភិបាលថៃ ដែលតែងអះអាងថាជាប្រទេសស៊ីវិល័យ និងគោរពច្បាប់អន្តរជាតិ ប៉ុន្តែបានប្រព្រឹត្តសកម្មភាពឈ្លានពាន និងអំពើល្មើសច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិគ្រប់បែបយ៉ាង រួមមានការបិទច្រកព្រំដែនដោយឯកតោភាគី ការចាប់ខ្លួនទាហានខ្មែរ ២០ នាក់ដោយខុសច្បាប់ ការរំលោភបូកលើពលការិនីកម្ពុជា ការប្រើអំពើហិង្សាលើពលករខ្មែរ ដែលរស់នៅក្នុងប្រទេសថៃ ការប្រើប្រាស់សំឡេងរំខានដោយហ្រ្វេកង់ខ្ពស់ ការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធត្រូវបានហាមឃាត់ និងការបាញ់ប្រហារលើជនស៊ីវិល និងទីសាធារណៈជាដើម។

 

ទន្ទឹមនេះ លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី តាមរយៈវិធានការការទូត និងច្បាប់ ព្រមទាំងយន្ដការនានាទាំងកម្រិតតំបន់ អាស៊ាន និងអន្តរជាតិ។  គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយបានចេញញត្តិប្តឹងតវ៉ា សេចក្តីថ្លែងការណ៍ ការថ្កោលទោស និងលិខិតផ្សេងៗ សរុបចំនួន ៦០ ព្រមទាំងបានទៅបំពេញបេសកកម្មសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដោយបានជួបពិភាក្សាទ្វេភាគីផ្សេងៗចំនួន ២៩ ជំនួប រួមមាន ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បណ្តាប្រទេសដែលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ព្រមទាំងអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិតាមវិស័យនានាដើម្បីប្រាប់ពីស្ថានភាពពិតជាក់ស្តែងនូវទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា។

 

លោកទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះ លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ដែលបានដឹកនាំយ៉ាងស្វាហាប់ ក្នុងការរៀបចំនិងអភិវឌ្ឍខេត្តឱ្យមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ លោកបានដឹងច្បាស់ពីសក្តានុពល និងតម្រូវការអភិវឌ្ឍបន្ថែមដើម្បីជំរុញខេត្តឱ្យកាន់តែរីកចម្រើន។ ជាមួយគ្នានេះ ការសហការរវាងរដ្ឋបាលខេត្តរតនគិរី ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការផ្សព្វផ្សាយរបាយការណ៍ជាតិពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ថ្ងៃនេះ មានសារៈសំខាន់ណាស់ ក្នុងការបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល។ ព្រមទាំងជំរុញការចូលរួមពីអង្គភាពថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការបន្តរក្សា ការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។

 

បន្ថែមពីនេះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ជូនអង្គសិក្ខាសាលាថា បញ្ហាទឹកដីគឺជារឿងអាយុជីវិតសំខាន់បំផុតសម្រាប់ជាតិ ដែលរាជរដ្ឋាភិបាលកំពុងបន្ដទាមទារយកត្រឡប់មកវិញជាដាច់ខាត ពីការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ។  លោកទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្ដជឿជាក់និងទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះ ព្រមទាំងត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងដើម្បីការពារនិងកសាងជាតិឱ្យរីកចម្រើនជាលំដាប់៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print