ប្រទេសជប៉ុនកំពុងប្រឈមមុខនឹងបញ្ហាប្រឈមពីរយ៉ាង៖ អាកាសធាតុអាក្រក់ និងប្រជាជនវ័យចំណាស់កើនឡើង។ អាកាសធាតុអាក្រក់ ជាពិសេសការធ្លាក់ព្រិលខ្លាំងនៅភាគខាងជើងប្រទេសជប៉ុន កំពុងធ្វើឱ្យមនុស្សចាស់ជាច្រើនប្រឈមនឹងហានិភ័យខ្ពស់។
នៅក្រុង Daisen ខេត្ត Akita លោកស្រី Yoko Toshima អាយុ 76 ឆ្នាំ បាននិយាយថា រដូវរងាថ្មីៗនេះកាន់តែអាក្រក់ទៅៗ។ លោកស្រីបានកត់សម្គាល់ថា ការធ្លាក់ព្រិលខ្លាំង និងជាប់លាប់ធ្វើឱ្យជីវិតប្រចាំថ្ងៃមានការលំបាក ជាពិសេសសម្រាប់អ្នកដែលរស់នៅតែម្នាក់ឯង។
លោកស្រី Toshima បានចែករំលែកថា “មានថ្ងៃខ្លះដែលខ្ញុំត្រូវបានហ៊ុំព័ទ្ធដោយព្រិល ហើយមិនអាចចេញទៅខាងក្រៅបានមួយថ្ងៃ ឬពីរថ្ងៃ។ នោះធ្វើឱ្យខ្ញុំព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់ខ្ញុំ”។
រដូវរងានេះ យ៉ាងហោចណាស់មានមនុស្ស 68 នាក់បានស្លាប់នៅក្នុងប្រទេសជប៉ុនដោយសារតែការធ្លាក់ព្រិលខ្លាំង ដែលភាគច្រើនមានអាយុលើសពី 65 ឆ្នាំ។ យោងតាមទីភ្នាក់ងារគ្រប់គ្រងអគ្គីភ័យ និងគ្រោះមហន្តរាយជប៉ុន ការស្លាប់ជាច្រើនបានកើតឡើងក្នុងអំឡុងពេលប្រតិបត្តិការសម្អាតព្រិល។
នៅក្នុងខេត្ត Aomori ដែលនៅជិតខាង ការប្រមូលផ្តុំព្រិលក្នុងខែកុម្ភៈបានឈានដល់ 1.7 ម៉ែត្រនៅពេលខ្លះ – កម្រិតខ្ពស់បំផុតក្នុងរយៈពេល 40 ឆ្នាំ នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន។
អ្នកជំនាញជឿជាក់ថា ការរួមបញ្ចូលគ្នារវាងចំនួនប្រជាជនវ័យចំណាស់យ៉ាងឆាប់រហ័ស និងអាកាសធាតុដ៏អាក្រក់កាន់តែខ្លាំងឡើងនៅក្នុងប្រទេសជប៉ុន កំពុងបង្កើតហានិភ័យយ៉ាងសំខាន់សម្រាប់សហគមន៍ក្នុងតំបន់។ មនុស្សចាស់ជាច្រើនរស់នៅដាច់ដោយឡែកពីគេ ខណៈដែលកូនៗរបស់ពួកគេផ្លាស់ទៅទីក្រុងធំៗ ដែលធ្វើឲ្យពួកគាត់ប្រឈមមុខនឹងស្ថានភាពអាកាសធាតុដ៏គ្រោះថ្នាក់ដោយខ្លួនឯង។
លោកស្រី Satoko Minatoya អាយុ 66 ឆ្នាំ ដែលរស់នៅតែម្នាក់ឯងនៅ Aomori បាននិយាយថា គាត់បានព្យាយាមទាក់ទងសេវាកម្មដកព្រិលជាច្រើនដង ប៉ុន្តែមិនបានជោគជ័យដោយសារតែការផ្ទុកលើសទម្ងន់។ គាត់បាននិយាយថា “ខ្ញុំមិនមានសាច់ញាតិនៅក្បែរនោះទេ ដូច្នេះខ្ញុំត្រូវគ្រប់គ្រងដោយខ្លួនឯង”។
អ្នកជំនាញអាកាសធាតុជឿថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនភាពមិនអាចទាយទុកជាមុនបាននៃអាកាសធាតុនៅក្នុងប្រទេសជប៉ុន។ សាស្ត្រាចារ្យ Yoshihiro Tachibana មកពីសាកលវិទ្យាល័យ Mie បាននិយាយថា ទឹកសមុទ្រក្តៅឡើង រួមផ្សំជាមួយនឹងចរន្តខ្យល់ត្រជាក់ពីស៊ីបេរី បានបង្កើតលក្ខខណ្ឌសម្រាប់ការធ្លាក់ចុះព្រិលខ្លាំងខុសពីធម្មតា។ លើសពីនេះ សំណើមបរិយាកាសកើនឡើងដោយសារតែសីតុណ្ហភាពមហាសមុទ្រខ្ពស់ ក៏រួមចំណែកដល់ការកើនឡើងនៃការធ្លាក់ចុះព្រិលផងដែរ។ បច្ចុប្បន្ននេះ មនុស្សជាងមួយភាគបីដែលមានអាយុលើសពី ៦៥ ឆ្នាំនៅក្នុងខេត្តភាគខាងជើងនៃប្រទេសជប៉ុនរស់នៅតែម្នាក់ឯង ដែលបង្កើនភាពងាយរងគ្រោះរបស់ពួកគេចំពោះគ្រោះមហន្តរាយធម្មជាតិ៕
រូបថត: vtv










