ខេត្តស្វាយរៀង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូន កែឆ្នៃ និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត នៅក្រុងបាវិត ដកហូតបានគ្រឿងញៀនជាង៤៤គីឡូក្រាម និងអាវុធខ្លី៤ដើម។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលពីលោក ឡាយ ជយងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានប្រាប់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះថា ការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ (ជនជាតិវៀតណាម៤នាក់ និងជនជាតិចិនម្នាក់)។
ជនសង្ស័យទាំង៥នាក់នោះ រួមមាន ទី១៖ ឈ្មោះ លឿង មិនថាន់ អាយុ២៨ឆ្នាំ, ទី២៖ ឈ្មោះ ហ្វូ ហ្វុកញឹង អាយុ២៨ឆ្នាំ, ទី៣៖ ឈ្មោះ ង្វៀង ក្វាងជុង, ទី៤៖ ឈ្មោះ ដូ ថាន់ឡុក អាយុ២៥ឆ្នាំ និងទី៥៖ ឈ្មោះ ឈឹន សុីប៉ូ អាយុ២៨ឆ្នាំ។
ដកហូតសម្ភារវត្ថុតាង សារធាតុញៀនគ្រប់ប្រភេទទម្ងន់ ៤៤គីឡូក្រាម៧៦៨,២២ក្រាម ក្នុងនោះ៖
ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់៨គីឡូ៦៤៣,៨៥ក្រាម
ថ្នាំញៀនប្រភេទMDMA ទម្ងន់១៥គីឡូ៣៥៣,០៧ក្រាម
ថ្នាំញៀនប្រភេទMDMAកញ្ចប់ ទម្ងន់៥គីឡូ៤២០,៩២ក្រាម
ថ្នាំញៀនប្រភេទMDMAម្សៅម៉ត់ ទម្ងន់៧២៧,០៨ក្រាម
ថ្នាំញៀនប្រភេទហេរ៉ូអុីន ទម្ងន់៤គីឡូ៣២៨,០៧ក្រាម
ប្រភេទនីមេតាហ្សេប៉ាម ទម្ងន់១គីឡូ៤៨៣,៥៩ក្រាម
ជ័រអាអាភៀនទម្ងន់ ៨គីឡូ៨១១,៦៤ក្រាម
ថ្នាំញៀនកញ្ចប់ពណ៌ទឹកក្រូចអក្សរCHALI ចំនួន១២កញ្ចប់
ថ្នាំញៀនកញ្ចប់ពណ៌លឿងរូបយុឹនសឹន ចំនួន២០កញ្ចប់
បារីអេឡិចត្រូនិច ចំនួន៣កេស
ក្បាលបារីជក់អេឡិចត្រូនិច ចំនួន៤កកេស
ជញ្ជីងថ្លឹងថ្នាំងញៀន ចំនួន១០គ្រឿង
អាវុធខ្លី ៤ដើម បង់៤ គ្រាប់កាំភ្លើងខ្លីចំនួន២០០គ្រាប់
ទូរស័ព្ទ ៦គ្រឿង
រថយន្ត ១គ្រឿង
សារធាតុមិនច្បាស់ទម្ងន់ ៨គីឡូ៩៦១,១៤ក្រាម ព្រមទាំងម៉ាសុីនសម្ភារឧបករណ៍កែឆ្នៃគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕
ដោយ៖ សុថាន










