ដោយមានក្រុមជួញដូរទើបជនភៀសខ្លួនចូលអឺរ៉ុបកាន់តែច្រើន

ចែករំលែក៖

ប៉ូលិសអឺរ៉ុប Europol និងប៉ូលិសអន្តរជាតិInterpol បានប្រកាសថា កាលពីឆ្នាំកន្លងមកមាន ជនភៀសខ្លួនរហូតដល់ទៅជាង១លាន នាក់បានចូលដល់ទឹកដីអឺរ៉ុប ហើយក្នុងចំណោមនោះមានពលរដ្ឋរហូតដល់ទៅ៩០ភាគរយត្រូវបង់ថ្លៃជូនក្រុមជួញដូរ មនុស្ស។

តាមរបាយការណ៍របស់ប៉ូលិសខាងលើ ក្រុមជួញដូរមនុស្សរកប្រាក់ចំណូលបាន រហូតដល់ពី៥ទៅ៦ពាន់លានដុល្លារដោយ សារតែក្រុមជួញដូរមនុស្សបង្ខំឲ្យជនភៀសខ្លួនត្រូវតែបង់ប្រាក់ឲ្យពួកគេយ៉ាងតិច ៣,២០០ដល់៦,៥០០ដុល្លារអាមេរិក ដើម្បី បានចូលទៅកាន់អឺរ៉ុប។ បណ្តាញជួញដូរមនុស្សកំពុងតែរកប្រាក់បានយ៉ាងច្រើន ដោយសារតែមានជនភៀសខ្លួនច្រើនចូល ទៅអឺរ៉ុប។

ក្នុងពេលជាមួយគ្នានេះដែរ កិច្ចព្រមព្រៀងស្តីពីជនអន្តោប្រវេសន៍រវាងសហភាពអឺរ៉ុប និងប្រទេសទួរគីកំពុងជួបឧបសគ្គ។ ឧបសគ្គដែលបានកើតមានឡើងក្រោយពីការថ្លែងរបស់លោកប្រធានាធិបតីទួរគី Receyp Tayyip Erdogan ប្រឆាំងនឹងសំណើមួយរបស់អឺរ៉ុបដែលសុំឲ្យទួរគីធ្វើកំណែទម្រង់ច្បាប់ប្រឆាំងភេរវនិយម។ អឺរ៉ុបបានបញ្ជាក់ថា បើទួរគីមិនបំពេញលក្ខខណ្ឌមួយនេះទេ អឺរ៉ុបនឹងមិនលុបចោល ទិដ្ឋាការសម្រាប់ពលរដ្ឋទួរគីដែលចង់ចូលក្នុងលំហរ Schengen ឡើយ។

ដើម្បីអាចឲ្យអឺរ៉ុបលុបទិដ្ឋាការសម្រាប់ពលរដ្ឋទួរគីចូលក្នុង លំហរ Schengen បានអឺរ៉ុបតម្រូវឲ្យទួរគីបំពេញលក្ខខណ្ឌ ចំនួន៧២ចំណុច ចាប់ពីពេលនេះដល់ ដំណាច់ខែមិថុនាខាងមុខ។ ជាថ្នូរត្រឡប់ពីទួរគីវិញ ទួរគីបានយល់ព្រមចុះកិច្ចព្រមព្រៀងជាមួយអឺរ៉ុបក្នុងការទទួលយកជនអន្តោប្រវេសន៍។ កិច្ចព្រមព្រៀងស្តីពីជនអន្តោប្រវេសន៍រវាងអឺរ៉ុប និងទួរគីត្រូវបានចុះហត្ថលេខាតាំងពីថ្ងៃទី១៨ ខែមីនា កន្លងទៅ។ កិច្ចព្រមព្រៀងស្តីពីជនអន្តោប្រវេសន៍នោះបានចែងពីការចាប់បញ្ជូនជនអន្តោប្រវេសន៍ដែលចូលក្នុងទឹកដីប្រទេសក្រិកខុសច្បាប់ទៅកាន់ប្រទេសទួរគីវិញ។

ក្រៅពីយល់ព្រមលប់ចោលទិដ្ឋាការ សម្រាប់ពលរដ្ឋទួរគីចូលក្នុងលំហរ Schengen អឺរ៉ុបក៏យល់ព្រមផ្តល់ប្រាក់ឲ្យទួរគី ចំនួន៣.០០០លានអឺរ៉ូដែរ។ តែជាដំបូង ទួរគីត្រូវគោរពឲ្យបានពេញលេញនូវលក្ខខណ្ឌចំនួន៧២ចំណុចជាមុនសិន ។ នៅ ក្នុងលក្ខខណ្ឌចំនួន៧២ចំណុចរបស់អឺរ៉ុបក៏មានសំណូមពរឲ្យទួរគី ធ្វើកំណែទម្រង់លើច្បាប់ប្រឆាំងភេរវនិយមដែរ។ ច្បាប់ ដែលអឺរ៉ុបយល់ថា មិនបានឆ្លើយតបតាមស្តង់ដារប្រជាធិបតេយ្យរបស់អឺរ៉ុបទេ។

កន្លងមកទីក្រុងអង់ការ៉ាធ្លាប់បានបញ្ជាក់ថា ខ្លួនបានបំពេញលក្ខខណ្ឌជាច្រើនដែលអឺរ៉ុបបានទាមទារ រួមទាំងសម្រួលច្បាប់ ប្រឆាំងភេរវនិយមផង។ សូមជម្រាបជូនថា សម្រាប់រដ្ឋាភិបាលទួរគីច្បាប់ប្រឆាំងភេរវនិយមជាប្រធានបទរសើប ខ្លាំងណាស់ ព្រោះចំពេលដែលទួរគីកំពុងប្រឈមនឹងជម្លោះជាមួយក្រុមឧទ្ទាមឃើដ និងកំពុងទទួលរងអំពើភេរវកម្មជាច្រើនដងពីពួក ជីហាដអង្គការ រដ្ឋអ៊ិស្លាម។ តែសម្រាប់អឺរ៉ុប ច្បាប់ប្រឆាំងភេរវនិយមរបស់ទួរគីហាក់ដូចជាទូលំទូលាយខ្លាំង ព្រោះវាបានប៉ះ ពាល់ដល់ក្រុមប្រឆាំងនៅទួរគី។

ជាថ្មីម្តងទៀត អឺរ៉ុបបានស្នើឲ្យទួរគីធ្វើកំណែទម្រង់ច្បាប់នេះឲ្យបានស៊ីជម្រៅ បន្ថែមទៀត។ តែលោកប្រធានាធិបតីទួរគី Erdogan បានបដិសេធ និងប្រើពាក្យធ្ងន់ៗតបនឹងអឺរ៉ុបយ៉ាងដូច្នេះថា « បើអឺរ៉ុបមិនសុខចិត្តទេ យើងគួរតែចែកផ្លូវគ្នាដើរ ហើយអឺរ៉ុបអាចទៅចុះកិច្ចព្រមព្រៀងជាមួយអ្នកផ្សេងចុះ » ។ សម្រាប់មជ្ឈមណ្ឌល European Policy Center បានយល់ ឃើញថា ពាក្យសម្តីរបស់ប្រមុខរដ្ឋទួរគី អាចនឹងធ្វើឲ្យកិច្ចព្រមព្រៀងអឺរ៉ុប និងទួរគីស្តីពីជនអន្តោប្រវេសន៍រលាយត្រឹមនេះ ៕

refugees-1 refugees-2

...

ដោយ៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print