រាជរដ្ឋាភិបាល ដាក់ទិសដៅអភិវឌ្ឍខេត្តស្វាយរៀង និងបណ្តាខេត្តទិសខាងកើត ឱ្យក្លាយជាតំបន់ឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ប្រកបដោយសក្កានុពលខ្ពស់

ចែករំលែក៖

ខេត្តស្វាយរៀង : សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ខេត្តស្វាយរៀង គឺជាខេត្តប្រកបដោយសក្កានុពលសេដ្ឋកិច្ចដ៏ធំ បូកបន្ថែមលើវិស័យកសិកម្ម ដែលការណ៍នេះ រាជរដ្ឋាភិបាលបានជំរុញឱ្យមានការវិនិយោគលើវិស័យកសិ- ឧស្សាហកម្ម និងឧស្សាហកម្ម ដើម្បីនឹងក្លាយជាតំបន់សម្រាប់ការវិនិយោគលើរោងចក្រ សហគ្រាស។

 

ថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និង ពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន ៥ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦  សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា និងជប៉ុន បានបន្តចូលរួមអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលជាច្រើនជាបន្តបន្ទាប់ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ហើយជាក់ស្តែង ថ្ងៃនេះក៏បានរួមគ្នា សម្ពោធបើកដំណើរការជាផ្លូវការនៃវិស័យទឹកស្អាតសម្រាប់ប្រជាជនខេត្តស្វាយរៀង។

 

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងរៀបចំកម្ពុជា ឱ្យក្លាយជាប្រទេសអភិវឌ្ឍ ដោយឈរលើសមត្ថភាពរបស់ប្រជាជនខ្មែរ ពិសេសយុវជន ដែលមានចំណេះ និងជំនាញលើគ្រប់វិស័យដូចជា កសិ-ឧស្សាហកម្ម, ឧស្សាហកម្ម, កម្មន្ដសាល និងកសិកម្មជាដើម។ ឈរលើការប្តេជ្ញាចិត្តនេះ, កម្ពុជា បាននិងកំពុងអនុវត្តយុទ្ធនាការយ៉ាងសកម្មក្នុងការបោសសម្អាតភាពអសកម្ម និងសកម្មភាពនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមជាមួយនឹងការបង្កលក្ខណៈអំណោយផល និងកាន់តែល្អប្រសើរសម្រាប់វិនិយោគិន។

 

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា  រាជរដ្ឋាភិបាលមានយុទ្ធសាស្រ្តច្បាស់លាស់សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយផ្តោតលើ ការលើកកម្ពស់សេដ្ឋកិច្ចបៃតង, ការពង្រឹងអភិបាលកិច្ចបរិស្ថាន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការ, ទាំងពេលបច្ចុប្បន្ន និងអនាគត, ក្នុងនោះ រាជរដ្ឋាភិបាលនឹងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគន្លឹះ រួមទាំងការផ្គត់ផ្គង់ទឹកស្អាត, អនាម័យ, និង ប្រព័ន្ធគ្រប់គ្រងសំណល់ នៅទូទាំងប្រទេសកម្ពុជា, ស្របតាមទិសស្លោក «ទីណាមានទឹកស្អាត, ទីនោះនឹងមានការផ្លាស់ប្តូរជាសេដ្ឋកិច្ច», ព្រមទាំង បន្តលើកកម្ពស់អភិបាលកិច្ច, ការថែទាំ និងការប្រើប្រាស់ក្នុងវិស័យទឹកស្អាត ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print