អតីតពលករខ្មែរដែលត្រឡប់ពីថៃ៖ កម្ពុជាមិនខ្វះការងារធ្វើដូចការលើកឡើងរបស់ អង្គការក្រៅរដ្ឋាភិបាលមួយចំនួននោះទេ

ចែករំលែក៖

ភ្នំពេញ៖ អតីតពលករខ្មែរ ដែលកំពុងបម្រើការងាររោងចក្រ នៅខេត្តកំពង់ស្ពឺ អ្នកស្រី ចក់ គន្ធា បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជាមានឱកាសការងារដ៏សម្បូរបែប ដែលអាចជំនួសការងារនៅប្រទេសថៃ ព្រមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើន បើទោះបីជាអង្គការក្រៅរដ្ឋាភិបាលខ្វះផ្សាយរបាយការណ៍មានចេតនាបន្ទុចបង្អាក់វឌ្ឍនភាពការងារនៅកម្ពុជាក៏ដោយ។

 

តាមការលើកឡើងរបស់អតីតពលករខ្មែរដែលកំពុងបម្រើការងារនៅរោងចក្រ ធី អេស ស្ព័ត (ខេមបូឌា) ឯ.ក ស្ថិតនៅខេត្តកំពង់ស្ពឺ បាននិយាយថា នៅពេលដែលអ្នកស្រីបានចាកចេញពីប្រទេសថៃ ហើយធ្វើដំណើរមកដល់ព្រំដែនកម្ពុជា-ថៃ អ្នកស្រីទទួលបានឱកាសការងារពីមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលនៅរង់ចាំទទួលពលករខ្មែរនៅតាមច្រកព្រំដែន។

 

អ្នកស្រីធ្លាប់បានគិតថា នៅពេលមកដល់កម្ពុជាវិញ នឹងមិនអាចរកការងារធ្វើបានទេ ហើយជីវភាពរបស់អ្នកស្រីនឹងជួបការលំបាក ប៉ុន្ដែការគិតទាំងអស់នេះផ្ទុយស្រឡះ និងខុសពីការពិត ដោយសារអ្នកស្រី និងស្វាមីទទួលបានការងារភ្លាមៗនៅតាមច្រកព្រំដែនតែម្ដង។

អ្នកស្រី គន្ធា បានបញ្ជាក់ថា៖ «ពេលនៅធ្វើការស្រុកថៃ ខ្ញុំលឺតែគេនិយាយថា ស្រុកខ្មែរយើងមិនមានការងារធ្វើទេ ប៉ុន្ដែនៅពេលមកដល់ព្រំដែន ខ្ញុំទទួលបានការងារធ្វើភ្លាមៗ ហើយខ្ញុំក៏មិននឹកស្មានថា រកការងារធ្វើបានងាយៗបែបនេះដែរ។ ឥឡូវនេះ ខ្ញុំបានហៅបងប្អូនខ្ញុំមកធ្វើការងារនៅស្រុកខ្មែរយើងវិញអស់ហើយ គឺពួកគាត់កំពុងធ្វើការងារជាមួយខ្ញុំដែរ។ ជីវភាពខ្ញុំសព្វថ្ងៃនេះ គឺបានគ្រាន់បើជាងមុន ព្រោះខ្ញុំមានចំណូលប្រចាំខែ»។

 

អ្នកស្រី រី សាម៉ុន អតីតពលករដែលកំពុងបម្រើការងារនៅខេត្តកំពង់ស្ពឺ បាននិយាយថា៖ «នៅពេលដែលខ្ញុំបានចូលដល់ទឹកដីខ្មែរយើង គឺខ្ញុំទទួលបានបាយ ទឹក និងមានឡានជូនមកដល់ផ្ទះទៀត ដែលធ្វើឱ្យខ្ញុំភាពកក់ក្ដៅក្នុងចិត្ត។ ក្រោយមកខ្ញុំបានទាក់ទងមកលេខ ១២៩៧ ដែលគេចែកឱ្យខ្ញុំនៅតាមព្រំដែន ហើយក្រោយមកខ្ញុំក៏ទទួលបានការងារនៅខេត្តកំពង់ស្ពឺនេះតែម្ដង»។

លោក សឿង កវី អតីតពលករ ដែលមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បាននិយាយថា លោកទទួលបានឱកាសការងារនៅក្នុងរោងចក្រមួយនៅខេត្តកំពង់ស្ពឺ ដែលធ្វើឱ្យជីវភាពរបស់លោកធូរធាឡើងវិញ បន្ទាប់ពីត្រឡប់មកពីប្រទេសថៃ និងសម្រាកនៅផ្ទះរយៈពេលមួយខែ។

 

លោកបានបន្តថា៖ «ខ្ញុំទទួលបានចំណូលប្រចាំខែវិញហើយ ជីវភាពមិនសូវលំបាកដូចមុនដែរ ដោយសារខ្ញុំមានការងារធ្វើតាមរយៈក្រុមការងារក្រសួង ដែលបានចុះទៅផ្សព្វផ្សាយវេទិកានៅភូមិស្រុករបស់ខ្ញុំឯខេត្តបន្ទាយមានជ័យ។ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានជួយផ្ដល់ការងារឱ្យខ្ញុំបានធ្វើសព្វថ្ងៃនេះ»។

 

ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា បងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៦៥ម៉ឺននាក់ក្នុងចំណោមជាង ៨០នាក់ ទទួលបានឱកាសការងារ ខណៈជាង ៣៣ម៉ឺននាក់ កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួលបានឱកាសការងារនៅក្រៅប្រព័ន្ធប្រមាណជាង ៣២ម៉ឺននាក់។

...

 

ក្រោយពីការវិលត្រឡប់យ៉ាងគំហុករបស់ពលករខ្មែរពីប្រទេសថៃ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ចេញនូវយន្តការសំខាន់ៗជាច្រើន ដើម្បីធានាក្នុងការផ្ដល់ឱកាសការងារជូនអតីតពលករខ្មែរ។ ក្នុងចំណោមយន្តការសំខាន់នោះ ក្រសួងបានរៀបចំវេទិកាការងារសរុបជាង ៦០០លើក និងពិព័ណ៍ការងារចល័តតាមមូលដ្ឋានប្រមាណជាង ១ ០០០លើក ដើម្បីផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍នៃរបបសន្ដិសុខសង្គម និងការអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print